ប្រភព​ព័ត៌មាន​ពី​វេបសាយ​ Thai-League បាន​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ​ Chanathip Songkrasin អាច​នឹង​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ Leicester City អតីត​ជើងឯក ​Premier League។

កីឡាករ​វ័យ​២៤​ឆ្នាំ​កំពុង​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្លឹប​ Consadole Sapporo របស់​លីក​កំពូល​ជប៉ុន​ កាល​ពី​ខែ​កក្កដា​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​រូប​គេ​លេង​ពេញ​៩០​នាទី​ឲ្យ​ក្លឹប​ឈ្នះ​Shimizu S-Pulse ២​ទល់​០​។ ខណៈ​ពេល​កុង​ត្រា​​នៅ​ក្លឹប ​Muangthong United នៅ​សល់​មួយ​ឆ្នាំ​ទៀត​នោះ​ រូប​គេ​ជាប់​ទាក់ទង​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​អង់គ្លេស​ ខណៈ​កីឡាករ​កម្បស់​១.៥៥ម៉ែត្រ​រូប​នេះ​ បាន​បង្ហាញ​ទម្រង់​លេង​ត្រឹម​២​ឆ្នាំ​ចុង​ក្រោយ​​ប៉ុណ្ណោះ។

 

របាយការណ៍​ខាង​លើ​បាន​និយាយ​ថា​​ប្រធាន​ក្លឹប​ Leicester លោក Srivaddhanaprabha បាន​ចុច​ឈ្មោះ​កីឡាករ​រួម​សញ្ជាតិ​របស់​ខ្លួន​រូប​នេះ​ ទៅ​បន្ថែម​ជា​មួយ​កីឡាករ​នៅ​កីឡដ្ឋាន King Power Stadium។ បែប​ណា​ក្ដី​! នៅ​តែ​មាន​ចម្ងល់​ថា ​ប្រសិន​បើ ​Chanathip ទៅ​លេង​នៅ​អង់គ្លេស​មែន​ តើ​គាត់​អាច​អនុញ្ញាតិ​ឲ្យ​ប្រកប​ការងារ​ពេញ​លេញ(Work Permit) ​នៅ​អង់គ្លេស​ដែរ​ឬ​ទេ ​ខណៈ​បច្ចុប្បន្ន​ថៃ​កំពុង​ស្ថិត​ក្នុង​តារាង​ចំណាត់​ថ្នាក់​ FIFA ១៣៨​ឯណោះ​ដែល​ចំណាត់​ថ្នាក់​នេះ​ខុស​គ្នា​ឆ្ងាយ​មែនទែន៕