កូនប្រុសទី៣ អតីតវីរៈបុរសបាល់ទាត់សិង្ហបុរី លោក Fandi bin Ahmad ដែលដើរតាមគន្លងអតីតវីរៈបុរសអង់គ្លេស David Beckam ត្រូវបានបញ្ជូនទៅរៀនសូត្រនៅចក្រភពអង់គ្លេស ២ ឆ្នាំ ដើម្បីទទួលបានឱកាសក្លាយជាកីឡាករអាជីពនៅទីនោះ។

យុវជនដែលឈានចូលវ័យ១៥ឆ្នាំនៅខែវិច្ឆិកា ខាងមុខនេះ Ilhan Fandi បានចុះឈ្មោះចូលរៀនក្នុងសាលា Queen Ethelburga’s College ដែលជាកន្លែងដែលរូបគេនឹងបន្តវិញ្ញាបនបត្រទូទៅនៃការអប់រំមធ្យមសិក្សា (GCSE) នៅទីនោះ។

យុវជនដដែលរូបនេះ បានប្រាប់កាសែត The New Paper ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ខ្ញុំពិតជារំភើបណាស់ហើយ ខ្ញុំទន្ទឹងរង់ចាំក្នុងការលេងបាល់ទាត់អោយសាលារៀនមួយនេះ និងរៀនបន្ថែមទៀតពីក្មេងប្រុសនៅទីនេះ»។

Ilhan Fandi បានបន្តថា៖ «ក្តីសុបិន្តរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករអាជីពលេងនៅអឺរ៉ុបនាថ្ងៃណាមួយ។ ហើយគោលដៅរបស់ខ្ញុំនៅទីនេះគឺដើម្បីទទួលបានបច្ចេកទេសកាន់តែប្រសើរឡើង កាន់តែធំឡើង និងកាន់តែរឹងមាំ ហើយត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនានា»។

ក្រៅពីការបណ្តុះបណ្តាល និងការសិក្សា នៅទីនោះ Ilhan នឹងធ្វើការហ្វឹកហាត់ចំនួន ២ទៅ៣ដង ក្នុងមួយសប្តាហ៍ ជាមួយនឹងសាលាបាល់ទាត់ i2i ដែលមានមូលដ្ឋាននៅទីក្រុង York ក្រោមការបង្ហាត់បង្ហាញពីអតីតខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Jonathan Greening និងអតីតខ្សែប្រយុទ្ធរបស់ក្លឹប Leeds United កីឡាករ Richard Cresswell ជាដើម។

សាលាបាល់ទាត់មួយនេះ ក៏មានទំនាក់ទំនងជាមួយក្លិបបាល់ទាត់អង់គ្លេសជាច្រើនដូចជា Leeds និង Manchester City ផងដែរ ខណៈរឿងជោគជ័យដ៏ធំបំផុតសម្រាប់សាលាបាល់ទាត់មួយនេះគឺ កីឡាករ Ronaldo Vieira ដែលជាខ្សែបម្រើវ័យ១៩ឆ្នាំ សញ្ជាតិហ្គីណេប៊ីសៅ បានចុះហត្ថលេខាឱ្យ Leeds United នៅឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមកកីឡាកររូបនេះបានជាប់ជម្រើសជាតិអង់គ្លេសអាយុក្រោម២០ឆ្នាំ។

គួរបញ្ចាក់ថា យុវជនរូបនេះ គឺជាកូនប្រុសអតីតវីរៈបុរសសិង្ហបុរី លោក Fandi bin Ahmad ដែលធ្លាប់បង្ហាញខ្លួនបាន១០១ប្រកួត និងទាត់បាល់បញ្ចូលទីអោយជម្រើសជាតិសិង្ហបុរីបាន៥៥គ្រាប់។

Ilhan ក៏នៅមានបងប្រុស២រូបទៀតផងដែរ ដែលកំពុងក្លាយខ្លួនជាកីឡាករអាជីពដូចគ្នា រួមមានបងប្រុស Ifran Fandi ដែលមានវ័យ២០ឆ្នាំ បច្ចុប្បន្នជាប់ជម្រើសជាតិសិង្ហបុរីឈុតធំ និងបង្ហាញខ្លួនបាន៧ប្រកួតផងដែរ តួនាទីជាខ្សែការពារ និងបងប្រុសទី២ កីឡាករ Ikhsan Fandi វ័យ១៨ឆ្នាំ ធ្លាប់ជាប់ជម្រើសជាតិសិង្ហបុរីឈុតធំ និងបង្ហាញខ្លួនបានម្ដងផងដែរ លេងក្នុងតួនាទីជាខ្សែបម្រើ ផងដែរ។

លោក Fandi bin Ahmad មានកូនចំនួន៥នាក់ ក្នុងនោះស្រីម្នាក់ និងប្រុស៤នាក់ បច្ចុប្បន្នកូនប្រុស៣នាក់ ក្នុងចំណោម៤នាក់កំពុងដើរតាមគន្លងគ្រួសារ កីឡាករ David Beckam ដែលមានកូនស្រីតែម្នាក់ កូនប្រុស៣នាក់ និងកំពុងចាប់អាជីពជាកីឡាករអាជីពចំនួន៣នាក់ដូចគ្នា៕

 

រូបភាព៖ fourfourtwo & tns & mothership