ពានរង្វាន់ជើងឯកយុវនារីបាល់ទាត់តំបន់អាស៊ាន (AFF U15 Woman Championship 2017) ដែលរៀបចំក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ បានធ្វើដំណើរដល់ប្រកួតថ្ងៃចុងក្រោយហើយនៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧ នេះដោយក្រុមយុវនារីក្រោមអាយុ១៥ឆ្នាំ (U-15) របស់កម្ពុជា ជួបក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ហើយក្រុមហ្វីលីពីន ត្រូវជួបក្រុមថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សរុបលទ្ធផលសរុបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពេលកន្លងមកក្រុមកម្ពុជា បានចាញ់ក្រុមថៃ ៦ទល់០ ហើយក្រុមហ្វីលពីន បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣ទល់២។ ចំពោះវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមចាញ់និងចាញ់ គឺកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវជួបគ្នានៅវេលាម៉ោង៤រសៀល ហើយវគ្គផ្ដាច់ព្រ័ត្ររវាងថៃ និងហ្វីលពីន នៅវេលាម៉ោង៦:៣០នាទីល្ងាច។
ពានរង្វាន់នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយមានក្រុមចំនួន៩ ចូលរួម ចាប់ប្រកួតពីថ្ងៃទី៨ ដល់២០ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋាន KM16 Stadium ខណៈការប្រកួតបែងចែកជាដំណាក់កាលវគ្គជម្រុះតាមពូល វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ ការប្រកួតសម្រាប់នារីនេះតម្រូវឱ្យប្រើរយៈពេល៤០នាទីចំនួន២ លើកដើម្បីប្រកួតយកឈ្នះចាញ់។ ក្រុមទាំង២ពូលមានពូល Aមានម្ចាស់ផ្ទះឡាវ, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងវៀតណាម ហើយពូល B មានកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។
បើនិយាយតែលទ្ធផលរបស់ក្រុមកម្ពុជា គឺប្រកួតបើកឆាកពូល B ឈ្នះសិង្ហបុរី ២ទល់១ ហើយប្រកួតបន្ទាប់ចាញ់ហ្វីលីពីន ៣ទល់០ និងបន្តស្មើជាមួយឥណ្ឌូណេស៊ី ១ទល់១ ខណៈជំនួបចុងក្រោយក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាញ់ថៃ ៦ទល់០។ លោក មាស សំអឿន អតីតគ្រូបង្វឹករបស់ក្រុមបៀលប្រាយយូណាយធីត វេស្ទើនភ្នំពេញ និងក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឱ្យដឹកនាំក្រុមបាល់ទាត់នារីរបស់កម្ពុជា។ លោកធ្លាប់មានបទពិសោធន៍សិក្សាវគ្គគ្រូបង្វឹកបាល់ទាត់នារី ហើយធ្លាប់បានដឹកនាំក្រុមបាល់ទាត់ U-14 របស់កម្ពុជា ចេញទៅប្រកួតនៅប្រទេសជប៉ុន និងប្រទេសឡាវ កាលពីឆ្នាំ២០១៦ កន្លងទៅនេះផងដែរ។
សម្រាប់កីឡាការិនី ដែលធ្វើដំណើរទៅប្រកួតជាមួយក្រុមមានចំនួន២៣នាក់ដូចជា ថុល ពិសី, ភឺន ស្រីល័ក្ខ, ជឿន គានី, មូល ស្រីផែ, លឹម សុជា, ជុំ សុរី, ឆន ស្រីនីត, យ៉ន សោភ័ណ្ឌរស្មី, ផឹម ស៊ីនិត, ទី សំណាង, ហ៊ា ស្រីឡាស់, ញ៉ ស្រីណែត, ពឿន គន្ធា, កឿន សុកេនីត,ហឿង សារិ, នន មិនា, ពេជ យូឈុនអ៊ី, កយ មួយកញ្ញា, សំរ៉ិត និមល, ចាន់ ធីន, ចាយ ស្រីលាប, ជិន សូវៀត និង វៃ ស្រីទូច។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ធ្លាប់បានបង្កើតពានរង្វាន់បាល់ទាត់នារី U-13, U-14, U-15 និងឈុតធំដាក់ឱ្យប្រទេសជាសមាជិករបស់ខ្លួនប្រកួតប្រជែង ខណៈកម្រិត U-15 នេះខានរៀបចំតាំងពីឆ្នាំ២០០៩ មកម៉្លេះ ដោយកាលនោះក្រុមអូស្រ្តាលី ឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមថៃ ដោយលទ្ធផល ៨ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមវៀតណាម ឈ្នះបានលេខ៣ ក្រោយបំបាក់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា A ដោយលទ្ធផល ៣ទល់០៕
រូបថត៖ FFC