គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ាលោក Gerd Zeise បានប្រកាសបញ្ជីឈ្មោះកីឡាករ២៣នាក់ត្រៀមមិត្តភាពជាមួយជម្រើសជាតិកម្ពុជានិងឥណ្ឌាក្នុងវគ្គជម្រុះជុំចុងក្រោយពាន AFC Asian Cup 2019។
ក្រុមមីយ៉ាន់ម៉ាបច្ចុប្បន្នស្ថិតក្នុងលេខ៣តារាងពូល A វគ្គជម្រុះជុំទី៣ពានរង្វាន់ជើងឯកទ្វីបអាស៊ីនៅប្រទេសអារ៉ាប់រួមឆ្នាំ២០១៩។ ខណៈពេលដែលឥណ្ឌាមានកៅអីលេងក្នុងវគ្គផ្ដាច់ព្រ័ត្រទៅហើយនោះ ការប្រជែងយកលេខ២ក្នុងពូលគឺជាសមរភូមិក្ដៅគគុករវាងមីយ៉ាន់ម៉ា និងគៀស៊ីស្ថាន ខណៈម៉ាកាវស្ថិតក្នុងបាតតារាងមិនទាន់មានពិន្ទុក្នុងដៃនៅឡើយ។
ជ័យជម្នះលើឥណ្ឌាគឺជាអ្វីដែលក្រុមឥទ្រ្ទីសមួយនេះ ត្រូវយកឲ្យបាន ខណៈការប្រកួតនឹងធ្វើឡើងនៅ កីឡដ្ឋាន Fatorda Stadium ក្នុងទីក្រុង Margao នៅថ្ងៃទី១៤វិច្ឆិការ។ ប៉ុន្តែមុនជំនួបនេះពួកគេត្រូវជួបក្រុមដ៏តឹងតែងមួយហើយលោក Zeise នៅមានឱកាសស្ដារមុខមាត់ដោយត្រូវជួបក្រុមគូរប្រជែងរួមតំបន់កម្ពុជា។
មីយ៉ាន់ម៉ានឹងមកដល់ទីក្រុងភ្នំពេញនៅល្ងាចថ្ងៃអង្គារនេះ ដើម្បីជួបជាមួយក្រុមគោព្រៃកម្ពុជាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកមុន ពេលហោះទៅកាន់ប្រទេសឥណ្ឌា។ ក្រោមការទន្ទឹងរងចាំយ៉ាងអន្ទះសាររបស់អ្នកគាំទ្រកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក ប្រាក់ សុវណ្ណារ៉ា ជាមួយនឹងសមាសភាពក្រុមថ្មីរបស់លោក ក្រោយពេលគ្រូបង្វឹកចាស់លោក Leonardo ចាកចេញពីដំណែង។ លទ្ធផលចាញ់៣ទល់១ក្នុងការប្រកួតកាលពីឆ្នាំ ២០១៦កន្លងទៅថ្មីៗនេះក្នុងពាន AFF Suzuki Cup គឺជាពេលវេលាដែលក្រុមគៅព្រៃកម្ពុជាត្រូវបង្ហាញការចង់ឈ្នះរបស់ខ្លួន។
ក្នុងពាន AFC Asian Cup 2019 កម្ពុជាក៏មិនខុសពីមីយ៉ាន់ម៉ាដោយឈរលេខ៣ក្នុងពូលហើយប្រកួតបន្ទាប់ត្រូវជួបក្រុមកំពូលតារាងហ្សកដានីដែលជាជំនួបមួយដ៏កក្រើក។ វាចារឿងពិបាកដែលកម្ពុជាត្រូវឈ្នះក្រុមមកពីអាស៊ីកណ្ដាលមួយនេះ ប៉ុន្តែការប្រកួតបាល់ទាត់មិនអាចសន្និដ្ឋានបានឡើយ ក្រោយអាជ្ញាកណ្ដាលមិនទាន់ផ្លុំកញ្ជែបញ្ចប់ការប្រកួត។
ចាំមើលថាតើជំនួបជាមួយមីយ៉ាន់ម៉ា និងកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា? តើលោក ប្រាក់ សុវណ្ណារ៉ា អាចនាំកម្ពុជាស្ដារមុខមាត់ឡើងវិញបានដែរឬទេ? អ្វីៗមិនទាន់អាចនិយាយបាន មានតែរងចាំមើលនៅល្ងាចថ្ងៃទី០៩ខែ វិច្ឆិកា វេលាម៉ោង ៦និង៣០នាទីខាងមុខនេះប៉ុណ្ណោះ៕