សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានជូនដំណឹងថាក្រុមយុវជនអាយុក្រោម ១៧ ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី នឹងត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយយុវជនអាយុក្រោម១៧ ឆ្នាំប្រចាំទីក្រុងហូជីមិញ ដែលគ្រោងនឹងប្រកួតនៅលើទឹកដីនៃខេត្តស្វាយរៀង។
ប្រភពបន្ថែមថាការប្រកួតនេះគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ជាការប្រកួតក្នុងឱកាសនៃការសម្ភោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេស។ ការប្រកួតនេះតម្រូវអោយមានការផ្លាស់ប្ដូរកាលបរិច្ឆេទនៃការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា សម្រាប់ U-17 សាលាបាលទាត់ជាតិបាទី ដែលត្រូវត្រៀមប្រកួតជាមួយ ក្លិបកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏ដូចជាក្លិបខេត្តកំពង់ចាម។
សូមរំលឹកថាក្រុមសាលាបាល់ទាត់ជាតិ ដែលមានមូលដ្ឋាននៅស្រុកបាទី ខេត្តតាកែវ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធចាប់ដៃគ្នាបង្កើតឡើងដើម្បីបណ្តោះបណ្តាលធនធានកីឡាករត្រៀមទទួលធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ ពេលនេះសាលាមានបណ្តុះបណ្តាលយុវជនចំនួន២ជំនាន់គឺក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ ចំនួន១ជំនាន់ និងជំនាន់យុវជនក្រោមអាយុ១៧ឆ្នាំ (U-17)។
ភាគច្រើននៃកីឡាករក្នុងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី មានឈ្មោះជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា ក្រោយអាយុ១៧ឆ្នាំ (U17) ខណៈក្រុម U17 របស់កម្ពុជា មានបេសកម្មចំនួន២លើឆាកអន្តរជាតិ ពោលគឺចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន AFF U-18 Championship 2017 ចាប់ផ្តើមពីថ្ងៃទី ០៤ដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅប្រទេសមីយ៉ានម៉ា។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ, ម៉ាឡេស៊ី, ទីម័រខាងកើត, ឡាវ និងសិង្ហបុរី ខណៈពូល B មានក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា, វៀតណាម, ញ៉ូហ្សឡេន, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រ៊ុយណេ។
ចំណែកពានរង្វាន់មួយទៀតគឺ U17 កម្ពុជា ត្រូវចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2018 AFC U-19 Championship ចាប់ពីថ្ងៃទី ០៤ រហូតដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយកម្ពុជា ផ្ទាល់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ដោយប្រកួតនៅកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ទាំងអស់។ យោងតាមកាលវិភាគប្រកួតបើកឆាកពូល G ធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ដោយកម្ពុជា ទទួលក្រុមចិន ហើយក្រុមមីយ៉ាន់ម៉ា ប៉ះក្រុមហ្វីលីពីន។ ចំណែកប្រកួតថ្ងៃទី២នៅថ្ងៃទី៦ ខែវិច្ឆិកា ក្រុមកម្ពុជា ទទួលមីយ៉ាន់ម៉ា ម្ដងហើយក្រុមហ្វីលីពីន ប៉ះចិន វិញម្ដង និងចុងក្រោយនៅថ្ងៃទី៨ ខែវិច្ឆិកា ក្រុមចិន ប៉ះមីយ៉ាន់ម៉ា ហើយកម្ពុជា ទទួលហ្វីលីពីន វិញ។
គណៈកម្មការរៀបចំការប្រកួតស្វែងរកក្រុមចំនួន១៦ក្រុមចុងក្រោយ (បូកទាំងម្ចាស់ផ្ទះ) ឡើងទៅលេងវគ្គចែកពូល ប៉ុន្តែនៅពេលនេះនៅមិនទាន់កំណត់ក្រុមម្ចាស់ផ្ទះនៅឡើយនោះទេ។ ពានរង្វាន់រៀបចំរៀងរាល់២ឆ្នាំម្ដង ហើយកាលពីឆ្នាំ២០១៦ កន្លងទៅក្រុមដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមរួមមានជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត និងវៀតណាម មានឈ្មោះទៅចូលរួមប្រកួតពានរង្វាន់ពិភពលោក FIFA U-20 World Cup South Korea 2017 ដែលរៀបចំនៅប្រទេសកូរ៉េខាងត្បូង៕
រូបថត៖ FFC