ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជម្រើសជាតិវៀតណាមបានថ្លែងរួមគ្នា នៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកមិញ នៅសណ្ឋាគារ ភ្នំពេញ ដោយគ្រូបង្គោលនៃជម្រើសជាតិទាំងពីរសុទ្ធតែបង្ហាញនូវក្តីសង្ឃឹមថានឹងធ្វើឲ្យមានលទ្ធផលល្អ ៣ពិន្ទុដូចៗគ្នា សម្រាប់ជំនួបនាយប់ថ្ងៃស្អែក នៃព្រឹត្តិការណ៍ AFC ASIAN CUP វគ្គជម្រុះ។
លោក Leonardo គ្រូបង្គោលកម្ពុជាបាននិយាយថា លោកបានប្រាប់ទៅកូនក្រុមខ្លួនឲ្យប្រើប្រាស់បច្ចេក ទេសរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អមួយជូនជាតិ និងជូនដល់ប្រិយមិត្តអ្នកគាំទ្រទូទាំងប្រទេសផងដែរ។ គ្រូបង្វឹកជម្រើសជាតិសញ្ជាតិប្រេស៊ីលរូបនេះបន្ថែមទៀតថា ថ្វីត្បិតតែកម្ពុជាធ្លាប់បានឈ្នះក្រុម អាហ្វហ្គានីស្ថាននៅក្នុងទឹកដី ដោយលទ្ធផល ១-0 ក៏ពិតមែន ប៉ុន្តែជំនួបជាមួយក្រុមវៀតណាម ដែលជាក្រុមខ្លាំងមួយ នៅក្នុងតំបន់អាស៊ាននោះ ពួកយើងត្រូវតែប្រឹងប្រែងលេងឲ្យអស់សមត្ថភាព ប្រសិនបើអាចធ្វើទៅបានសង្ឃឹមថា ទទួលបាន៣ពិន្ទុផងដែរ។ លោកបន្ថែម នៅកម្ពុជាគ្នាន Messi ទេ គឺមានតែ ចាន់ វឌ្ឍនាកា ដែលជាកីឡាករមានសមត្ថភាព គុណភាពបច្ចេកទេសល្អមួយប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត វឌ្ឍនាកា ជាផ្នែកមួយ ក្នុងចំណោម១១នាក់នៅលើទីលាន ព្រោះថាកីឡាបាល់ទាត់ គឺលេងជាក្រុម បើទោះបីកម្ពុជាមានភាគច្រើនមានសុទ្ធតែកីឡករវ័យក្មេង ប៉ន្តែពួកបានព្យាយាមហ្វឹហ្វាត់ និងធ្វើបានល្អ នៅក្នុងការប្រកួតវគ្គជម្រុះដ៏ធំមួយនេះ។
លោក Dai Duc Chung គ្រូបង្វឹកជម្រើសជាតិវៀតណាមបានឲ្យដឹងថា បើទោះជាក្រុមវៀតណាមបានផ្លាស់ប្តូរគ្រូបង្វឹកថ្មីក៏ពិតមែន ប៉ុន្តែក្រុមរបស់យើងនៅតែមានការសហការគ្នាបានល្អ និងគោរពវិន័យ ហើយនៅតែមានឆន្ទៈ ក្នុងប្រកួតផងដែរ។ លោកបន្ថែមទៀតថា ការប្រកួតនៅពេលនេះក្រុមវៀតណាមមានកីឡាករវ័យក្មេងជាច្រើនចូលរួមប្រកួត ហើយបើគិតចំពោះក្រុម U-22 លេងនៅការប្រកួតតំបន់អាស៊ីអាគ្នេយ៍ គឺពួកគេសុទ្ធតែជាកីឡាករល្អៗ ខ្លាំងពោរពេញទៅដោយបច្ចេកទេសនិងជំនាញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFC Asain Cup វគ្គជម្រុះនេះ គឺកម្ពុជាស្ថិតនៅពូល C ជាមួយក្រុម Jordan, វៀតណាម និងអាហ្វហ្គានីស្ថាន ហើយឆ្លងកាត់ពីរប្រកួតមមកនេះ កម្ពុជា ឈ្នះ១ ចាញ់ មាន៣ពិន្ទុ ចំណែកឯ២ប្រកួតរបស់ក្រុមវៀតណាម ស្មើទាំងពីរ មាន២ពិន្ទុ៕