ខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា WTF សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ជួនកីឡាករ-កីឡការិនី ៥រូប ក្នុងនោះមានកីឡាករ ៣រូប និងកីឡារិនី ៣រូប ចូលរួមប្រកួតជើងឯកពិភពលោក (World Taekwondo Federation) ធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ នៅទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោក Shin Chang Moo ប្រធានធនាគារភ្នំពេញពាណិជ្ជ និងលោក ជ្រិន សុធា អនុប្រធានខេមៈសហព័ន្ធតេក្វាន់ដូកម្ពុជា កាលពីថ្ងៃទី១៥ ម្សិលមិញ បានឲ្យដឹងថា កាលប្រកួតជើងឯកពិភពលោកកន្លងទៅសហព័ន្ធបញ្ជួនកីឡករ-កីឡការិនីតែ ២នាក់ប៉ុណ្ណោះចូលរួមប្រកួត ប៉ុន្តែពេលនេះ សហព័ន្ធបានបញ្ជូនអត្តពលិក ៥រូប ចូលរួមព្រឹត្តិការណ៍ការប្រកួត Muju WTF World Taekwondo Championship 2017 ក្រោមការឧបត្ថមពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្លៃសំបុត្រយន្តហោះ និងស្នាក់នៅ ហើយធនាគារភ្នំពេញពាពិជ្ជក៏បានឧបត្ថមថវិការសម្រាប់ធ្វើដំណើរទៅចូលរួមប្រកួតលើកនេះចំនួន ១ម៉ឺន៣ពាន់ដុល្លារផងដែរ។
គ្រូបង្វឹកតេក្វាន់ដូសញ្ជាតិតកូរ៉េខាងត្បូងរូបនេះបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ការប្រកួត Muju WTF World Taekwondo Championship 2017 នៅប្រទេសកូរ៉េខាងត្បូងនេះ មានអត្តពលិក ចំនួន១៦៩៨នាក់ មកពី ១៨១ ប្រទេសចូលរួម និងប្រព្រឹត្តទៅនៅថ្ងៃទី២៤-៣០ ខែ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់មកត្រូវបន្តចូលរួមប្រកួតព្រឹត្តិការណ៍មួយទៀតដែលមានឈ្មោះថា Korean Open ធ្វើនៅប្រកួតកូរ៉េខាងត្បូងនេះផងដែរ ។
ចំពោះអត្តពលិកតេក្វាន់ដូទាំង៥រូប ដែលត្រូវចូលរួមប្រកួត WTF World Taekwondo Championship 2017 មាន កីឡការិនី ស៊ន ស៊ីវម៉ី ប្រកួតក្រោមទម្ងន់៧៣គីឡូក្រាម, កីឡាការិនី អ៊ុនវ៉ិន សុចិរង្ស៊ី ក្រោមទម្ងន់ ៤៩គីឡូក្រាម កីឡាការិនី ថិប ខាសាន់ដ្រេនីកូល ក្រោមទម្ងន់ ៥៧គីឡូក្រាម កីឡាករ ឈុន សុខឡុង ក្រោមទម្ងន់ ៦៣គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទី្ធ ក្រោមទម្ងន់ ៦៤គីឡូក្រាម ៕