សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចថាការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Asian Cup រវាងក្រុម កូរ៉េខាងជើង ជាមួយ ម៉ាឡេស៊ី នឹងត្រូវប្រកួតនៅលើទឹកដីកណ្ដាល ក្នុងខែវិច្ឆិកា ខាងមុខនេះ ក្រោយលើកជាច្រើនលើកច្រើនសារ។
នៅចាំបានថា ការប្រកួតថ្ងៃដំបូងនៃការប្រកួតបើកឆាក ត្រូវបានពន្យារពេលជាលើកដំបូងដោយសារតែភាពតានតឹងផ្នែកនយោបាយកើនឡើងរវាងប្រទេសម៉ាឡេស៊ី និងកូរ៉េខាងជើង ហើយក្រោយមកដោយសារតែការហាមឃាត់របស់រដ្ឋាភិបាលម៉ាឡេស៊ីទៅលើប្រជាពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកូរ៉េខាងជើង។
ដើម្បីផលប្រយោជន៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ត្រូវបានសំរេចថាការប្រកួតរវាងប្រទេសទាំងពីរនឹងត្រូវធ្វើឡើងនៅលើទឹកដីកណ្ដាល។
លំដាប់នៃការប្រកួតដទៃទៀត ត្រូវបានរក្សាទុកជាលំដាប់ដដែល ដែលបានប្រកាសពីមុនដើម្បីការពារភាពរឹងមាំនៃការប្រកួត។ អគ្គលេខាធិការ AFC លោក Dato ‘Windsor John បាននិយាយថា៖ “យើងមានសេចក្តីរីករាយដែលសមាជិកទាំង២ បន្ទាប់ពីមានការពិភាក្សាជាច្រើនបានយល់ព្រមចំពោះការរៀបចំនេះ»។
គួររំលឹកថា កាលពីខែមិនាកន្លងទៅការប្រកួតរវាងក្រុមទាំង២ត្រូវបានលើកការប្រកួតម្ដងហើយ ដោយកាលគ្រានោះស្ថិតក្នុងហេតុផលនយោបាយ និងបានលើកទៅប្រកួតនៅថ្ងៃទី៨ ខែមិថុនា តែក្រោយមកក៏ត្រូវបានលើកពេលជាថ្មីម្ដងទៀត ដោយលើកមកប្រកួតនៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ និងត្រូវបានលើកពេលជាលើកទី៣នេះផ្ទាល់តែម្ដង៕
រូបភាព: malaysiakini