ក្រោយពីបញ្ចប់វគ្គជម្រុះដំណាក់កាលទី៤ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១១ បានរកឃើញក្រុមខ្លាំងចំនួន ៨ សុទ្ធតែក្រុមស្ថិតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឡើងទៅប្រជែងគ្នានៅវគ្គ១/៤ ផ្តាច់ព្រ័ត្រ។
សម្រាប់ ៣ក្រុមដែលទើបតែមានកៅអីលេងវគ្គបន្តកាលពីថ្ងៃទី១៨ ខែ តុលាម្សិលមិញ គឺក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗ ខ្លួន។ ដោយឡែកក្រុមភ្នំពេញក្រោន មានកៅអីឡើងវគ្គបន្តដោយស្វ័យប្រវត្តិ ដោយបាល់ទាត់បាទី បានសម្រេចដកខ្លួនពីការប្រកួត ពានរង្វាន់ធំលំដាប់ទី២ ក្នុងស្រុកនេះ ដោយហេតុត្រូវត្រៀមខ្លួនដើម្បីធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G ដែលមានកម្ពុជា, ចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន នៃពានរង្វាន់ AFC U-19 Championship 2018 ។
ចំពោះលទ្ធផលបីក្រុមដែលទើបទទួលជ័យជំម្នះនេះដែរ គឺក្រុមអគ្គស្នងការនគរបាលជាតិ យកឈ្នះក្រុមសូលីតូអង្គរ ៤-០ សរុបទាំង២ ជើង អគ្គស្នងការនគរបាលជាតិ ឈ្នះ ៨-១។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បន្តឈ្នះក្រុមខេត្តកំពត ៦-២ នៅក្រៅទឹកដី សរុបទាំង២ ជើង ក្រុមស្ថិតលំដាប់ TOP 4 នៃលីគកំពូលកម្ពុជា យកឈ្នះ ១៤-២។ ឬឯក្រុមចុងក្រោយគឺ គិរីវង្សសុខសែនជ័យប្រកួតជើងទី២ បានត្រឹមស្មើគ្នា ជាមួយក្រុមអាស៊ីអឺរ៉ុប ០-០សរុបទាំងពីជើងក្រុមមកពីខេត្តតាកែវមួយ ឈ្នះក្នុងលទ្ធផល ២-០ កក់កៅអីឡើងវគ្គ ១/៤បន្ត។
ជាមូយគ្នានេះដែរ ៤ក្រុមផ្សេងទៀត ដែលកៅអីឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្របន្តដែរនោះ គឺ ក្រសួងការពារជាតិ, ណាហ្គាវើល, ក្រុមអគ្គិសនីកម្ពុជា និងក្រុមក្រុមបឹងកេតអែហ្វស៊ី៕