ក្រុមអត្តពលិកពិការកម្ពុជាបានវិលត្រឡប់ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី វិញហើយ កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះជាមួយនឹងការដណ្តើមបានមេដាយបានមេដាយប្រាក់៨ សំរិទ្ធ៥។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម បានឲ្យដឹងថា ក្រុមប្រតិភូ និងអត្តពលិកនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ទទួលបានជំនួយឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន គឺបានបញ្ជូនអត្តពលិក និងប្រតិភូកីឡាសរុប ១០១ នាក់ទៅចូលរួមប្រកួត។ ជាលទ្ធផលយើងដណ្តើមបានមេដាយប្រាក់៨ និងសំរឹទ្ធ៥ ហើយឯកឧត្តមមានការសោកស្តាយ ដែលកីឡាករ កីឡាការិនីពិការកម្ពុជាមិនដណ្តើមបានមេដាយមាសនោះ។ គោលដៅរបស់យើងលើកនេះ គឺបានដាក់ចេញផែនការដណ្តើមយកមេដាយមាសឲ្យបាន ២ ប្រាក់ ៥ និងសំរឹទ្ធ៥ ប៉ុន្តែជាលទ្ធផលយើងកើនមេដាយប្រាក់រហូតដល់ ៨ និងសំរឹទ្ធ ៥ តាមផែនការ រីឯការមិនដណ្តើមបានមេដាយមាស គឺដោយសារ កីឡាករ បុង ហុង ដែលធ្លាប់ឈ្នះមេដាយមាស ក្នុង Class T46 ឲ្យកម្ពុជា កាលពីឆ្នាំ ២០១៥នោះ ត្រូវបានគណៈកម្មការវាយតម្លៃឲ្យមកប្រកួតក្នុង Class T47 តាមគោលការណ៍ថ្មីរបស់ IPC វិញ ដែល T47 នេះមានកម្រិតខ្លាំងជាង T46 ហើយ បុង ហុង ក៏មិនធ្លាប់ហាត់ផ្នែក T47 នេះដែរ ទើបគាត់មិនអាចដណ្តើមបានមេដាយមាស។
សូមបញ្ជាក់ថា ក្នុងចំណោមអត្តពលិកពិការកម្ពុជាចំនួន ១០១នាក់ ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ គឺបានបញ្ជូន១០ប្រភេទកីឡា ហើយ៨ប្រភេទកីឡាបានឈ្នះមេដាយប្រាក់ និងសំរិទ្ធ៕