ក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំគ្នាជាលើកដំបូងកាលពីល្ងាចថ្ងៃច័ន្ទ ទី២៨ខែសីហា ម្សិលមិញលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដែលមានកីឡាករចំនួន២៣នាក់ ក្រោមការដឹកនាំដោយលោកគ្រូបង្វឹក Leornado Vitorino ត្រៀមទទួលក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅដើមខែក្រោយនេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករចំនួន២៣នាក់មុនប្រមូលផ្ដុំមាន កែវ សុខផេង, អ៊ិន សុដាវីដ, ប្រាក់ ធីវ៉ា, សឿត បារាំង, ឆុំ ភីសា, ជួន ចាន់ចាវ, កែវ សុខសិលា, ប្រាក់ មុន្នីឧត្តម, នុប តុលា, សឿយ វិសាល, នេន សុធារ័ត្ន, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, ស៊ូ យ៉ាទី, ស ពិសិដ្ឋ, អ៊ុំ សេរីរ័ត្ន, ឈិន ឈឿន, សុះ ស៊ូហាណា, ស៊ន ចាន់ប៉ូលីន, ទិត្យ ឌីណា, ពេជ្រ សុវណ្ណខេមរិន្ទ្រ, ប៊ីន ចន្ថាជារី និង ចាន់ វឌ្ឍនាកា។
សូមបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិវៀតណាម នៅវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃអង្គារ ទី៥ខែកញ្ញា ឆ្នាំ២០១៧ ខណៈការប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ផងដែរ។
សម្រាប់តម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតនេះមានបែងចែកជា២ប្រភេទផ្សេងគ្នាដោយប្រភេទ១ តម្លៃ ១០,០០០៛ និងប្រភេទ ២តម្លៃ ៥,០០០៛ ខណៈកំពុងដាក់លក់ចន្លោះពីម៉ោង៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការតាមលេខទូរស័ព្ទ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។
សូមរំលឹកថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវស្ថិតនៅពូល C ជាមួយក្រុមហ្ស៊កដានី, វៀតណាម និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 UAE។ បើនិយាយពីតារាងចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំពូល C នេះក្រោយប្រកួតបាន២លើកឃើញថាក្រុមហ្សកដានី ឈរលេខ១ មាន៤ពិន្ទុ តាមពីក្រោយដោយក្រុមកម្ពុជា ឈរលេខ២ មាន៣ពិន្ទុ ខណៈក្រុមវៀតណាម ឈរលេខ៣ មាន២ពិន្ទុ និងក្រុមអាហ្វហ្គានីស្ថាន ឈរលេខ៤បាតតារាងមាន១ពិន្ទុ៕