ក្លិប​បាល់ទាត់ ​​​Fujieda MYFC សមាជិក​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី៣​របស់​ប្រទេស​ជប៉ុន (J3 League) ដែល​ជា​ក្លិប​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា កំពុង​ប្រកប​អាជីព ជាមួយ​នោះ នឹង​បន្ត​ការ​ប្រកួត​របស់​ខ្លួន​ឡើង​វិញ ក្រោយ​សម្រាក​បន្ទាប់​ពី​ចប់​ជើង​ទី១ រយៈពេល​ជិត​​១ខែ​ពោល​គឺ​ដំណើរការ​សប្ដាហ៍​ទី១៨​របស់​ខ្លួន ថ្ងៃ​សៅរ៍ ទី​១៩​ខែសីហា ឆ្នាំ​២០១៧ នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុម Fujieda MYFC នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​Giravanz Kitakyushu នៅ​​វេលា​ម៉ោង​៤ល្ងាច (ម៉ោង​នៅ​កម្ពុជា) លើ​ទីលាន​កីឡដ្ឋាន​Kitakyushu Stadium ក្នុង​ទីក្រុង​Kitakyushu។ គិត​ត្រឹម​ពេល​នេះ​ក្រុម Fujieda MYFC កំពុង​តែ​​​ឈរ​ចំណាត់​ថ្នាក់​លេ​៩​ប្រចាំ​តារាង​រួម​ដែល​មាន​១៧ ក្រុម​ក្រោយ​រក​បាន​២៥​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​បាន​១៧លើក ឈ្នះ​បាន៧លើក ស្មើ៤លើក និង​ចាញ់​៦លើក។ ចំណែក​ក្រុម Giravanz Kitakyushu វិញ​កំពុង​ឈរ​​ចំណាត់​ថ្នាក់​លេខ៧ ក្រោយ​ប្រកួត​បាន​១៧លើក​ឈ្នះ​៨លើក ស្មើ៣លើក​និង​ចាញ់​៦លើក​មាន​២៧ពិន្ទុ​ក្នុង​ដៃ។

លោក​គ្រូ​បង្វឹក​ Atsuto Oishi របស់​ក្រុម​​ Fujieda MYFC នៅ​មិនទាន់​សម្រេច​ចិត្ត​ដាក់ ចាន់ វឌ្ឍនាកា ឱ្យ​ចូល​លេង​នៅ​ឡើយ​នោះ​ទេ ក្នុង​ចំណោម​១៧​សប្ដាហ៍​មក​នេះ។ លោក​​ធ្លាប់​លើក​ឡើង​ថា​លោក​ចង់​ឱ្យ​កីឡាករ​រូប​នេះ​សាំ​នឹង​ក្រុម​ទាំង​កម្លាំង បច្ចេទេស ជាមុន​សិន ទើប​ដាក់​​ឱ្យ​ចូល​លេង​ បង្ហាញ​ទម្រង់​លេង​បាន​ល្អ​តែ​ម្ដង។ ​កាល​ពី​សប្ដាហ៍​ទី១៥ កន្លង​ទៅ​​លោក​​ដាក់​ក្នុង​បញ្ជី​បម្រុង បាន​ម្តង​តែ​មិន​​ដាក់​ឱ្យ​ចូល​លេង​ដូចគ្នា។

*ខាងក្រោមជា​វីដេអូហាយឡាយ​ក្នុង​ជំនួបគ្នា​ចុង​ក្រោយ​របស់​ក្រុម​ទាំង​២៖

ពានរង្វាន់​ប្រចាំ​លីគ​លំដាប់​ទី៣ របស់​ជប៉ុន មាន​ក្រុម​ចូលរួម​ចំនួន​១៧ក្រុម ហើយ​ក្រុម​ដែល​បញ្ចប់​រដូវកាល​របស់​ខ្លួន​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន២ក្រុម​ត្រូវ​ឡើង​ទៅលេ​ង​ពានរង្វាន់​លំដាប់​ទី២ នៅ​ឆ្នាំ​បន្ទាប់។ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា គឺ​ជា​កីឡាករ​ដំបូង​របស់​កម្ពុជា ដែល​មាន​ឈ្មោះ​ផ្ទេរ​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន ផង​ដែរ។