ខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាន់តែខិតជិតមកដល់នោះ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនបាល់កម្ពុជា ប្រាប់ Anachakkeila ថា អត្តពលិកវាយកូនបាល់កម្ពុជា បានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ និងបេជ្ញាវាយឲ្យពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អមួយមកជួនជាតិ ដោយកីឡាករវាយកូនបាល់ ធ្លាប់ទទួលបានមេដាយ សំរឹទ្ធ ២គ្រឿងរួចមកហើយ ពីព្រឹត្តិការណ៍ថ្នាក់តំបន់ អាស៊ាននេះ។
អគ្គលេខាធិការសហព័ន្ធវាយកូនបាល់កម្ពុជាបន្ថែមថា នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ សហព័ន្ធបញ្ជួនអត្តពលិក ៨រូប ចូលរួម មាន ប្រុស ៤រូប ស្រី ៤រូប សម្រាប់អត្តពលិកទាំងអស់នេះដែល លោកមានក្តីរំពឹងលើកីឡាការិនី Andrea Aka, កីឡាករ ប៊ុន កេន្នី និង កីឡាការ ម៉ម ផល្គុន និងអាចទទួលលទ្ធផលសម្រាប់ប្រទេសជាតិ។ លោកបន្ថែមថា “ គោលដៅរបស់សហព័ន្ធនៅស៊ីហ្គេមឆ្នាំនេះ គឺខ្ញុំចង់មេដាយម្តងមួយៗ សិន ប្រសិនបើយើងមានវិញ្ញសាវាយជាក្រុមទៀតនោះ យើងនឹងអាចដណ្តើមមេដាយបានពីរ ប៉ុន្តែនៅពេលនេះមានតែវិញ្ញាសាវាយឯកត្តជនប៉ុណ្ណោះ ។ បើទោះជាយ៉ាងណា យើងក៏ត្រូវតែដណ្តើមមេដាយយ៉ាងហោចណាស់ឲ្យបានមួយដែរ មកជួនប្រទេសជាតិ ហើយយើងខិតខំធ្វើបានល្អជាងនេះមួយកម្រិតទៀត ពីមេដាយសំរឹទ្ធទៅប្រាក់ ឬក៏ឈានទៅមេដាយមាសតែម្តង”។
សូមបញ្ជាក់ថា អត្តពលិកវាយកូនបាល់កម្ពុជា ៨រូបដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្វើនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា នេះមានកីឡាករ ៤រូបមាន ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឪ សារិទ្ធ, និងកីឡាការិនី ៤រូបមាន ស៊ុម ចិន្តា, ហួរ ស្រីពៅ, ហួរ ស្រីណុច។ សម្រាប់វិញ្ញាសាដែលត្រូវប្រកួត មាន វិញ្ញាសា វាយឯក្តជន បរុសនារី វាយគូបរុស និងវាយគូនារីផងដែរ៕