ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា តំណាងភ្នាក់ងាររៀបចំការប្រណាំងយានយន្ដកម្ពុជាបាឲ្យដឹងថា កីឡាករកម្ពុជា ២រូបនឹងទៅចូលរួម ព្រឹត្តិការណ៍ Asia Cross Country Rally 2017 ដោយមានកីឡាករ-កីឡាការិនីមកពីជាង ១០ប្រទេស ក្នុងនោះក៏មានកីឡាករជើងខ្លាំងជាច្រើនចូលរួមផងដែរ ដូចជាជប៉ុន អូស្រ្ដាលី និងតៃវ៉ាន់ជាដើម ដែលនឹងត្រូវធ្វើដំណើរលើផ្លូវស្រួល និងពិបាកចម្ងាយ ២,០០០គីឡូម៉ែត្រក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅប្រទេសថៃ ។ នេះបានឲ្យដឹងក្នុងសន្និសីទកាសែត កាលថ្ងៃទី០៨ ខែសីហា ម្សិលមិញ។

ចំពោះកីឡាករតំណាងឲ្យកម្ពុជា ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះរួមមានកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត ដែលសុទ្ធតែជាកីឡាករមានបទពិសោធន៍ធ្លាប់ប្រកួតលើឆាកអន្ដរជាតិជាច្រើនឆ្នាំមកហើយ។ កីឡាករទាំងពីរ បាននិយាយថា ទោះបីជាកាលពីឆ្នាំមុនៗ ខ្លួនធ្វើមិនបានល្អ ប៉ុន្ដែឆ្នាំនេះខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភីជូនជាតិ បន្ទាប់ពីបានធ្វើការហ្វឹកហាត់ជាច្រើនខែកន្លងមក។

លោក សោម សុកុសល ថ្លែងថា ការប្រណាំងរថយន្ដឆ្លងកាត់ឧបស័គ្គមិនមែនជារឿងងាយស្រួលទេ ដោយទាមទារឲ្យកីឡាករមានភាពអំណត់ក្នុងការបញ្ជាយានយន្ដ និងចេះដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍។ សំខាន់ជាងនេះ គឺការគោរពច្បាប់ចរាចរណ៍ជារឿងសំខាន់ ដោយកីឡាករម្នាក់ៗ ត្រូវបើកបរតាមការកំណត់របស់គណៈកម្មការ មិនអាចបំពានបានឡើយ បើមិនដូច្នោះគណៈកម្មការនឹងដកពិន្ទុ។ ឧបស័គ្គទាំងនេះ លោកធ្លាប់ឆ្លងកាត់រួចមកហើយ ហេតុនេះលោករំពឹងថា បេសកកម្មលើកនេះនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន៕