គណៈកម្មាការជាតិអូឡាំពិកសិង្ហបុរី បានប្រកាសជាមុនថាខ្លួននឹងមិនទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games 2019 ជំនួសហ្វីលីពីន ដែលបានបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games ឆ្នាំ២០១៩ឡើយ នេះបើយោងតាមការចេញផ្សាយរបស់សារព័តឥមានក្នុងស្រុក របស់សិង្ហបុរី។

កាលពីថ្ងៃសុក្រ ទី២១ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ដើម្បីផ្ដោតទៅលើការរៀបចំទីក្រុងឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធ រវាងកងកម្លាំងសន្តិសុខ ជាមួយពួកសកម្មប្រយុទ្ធឥស្លាម។

ការណ៍នេះត្រូវបាន លោក Chris Chan អគ្គលេខាធិការនៃគណៈកម្មាការជាតិអូឡាំពិកសិង្ហបុរី បានលើកឡើងថា មានដំណោះស្រាយជាច្រើនដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែសិង្ហបុរី មិនស្ថិតនៅក្នុងចំណោមនោះឡើយ។

អគ្គលេខាធិការដដែលរូបនេះបានបន្តថា ប្រទេសដែលអាចជំនួសបានគួរតែជាប្រទេសដែលមិនមានបញ្ហាជាមួយនឹងទីកន្លែង ឬហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីទទួលរៀបចំព្រឹត្តិការណ៍នេះ។

 

គួរបញ្ជាក់ថា តាមគម្រោងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៥ ប្រទេសចំនួន៥បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games នេះ ដោយម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧, ហ្វីលីពីន ២០១៩, វៀតណាម ២០២១, កម្ពុជា ២០២៣ និងថៃ ២០២៥ ប៉ុន្តែហ្វីលីពីន បានសម្រេចបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៩ ដោយសារហេតុផលកសាងប្រទេស៕

 

ចូលអាន: ហ្វីលីពីន បោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ SEA Games 2019

 

រូបភាព: seagames2015