នៅមុននេះបន្តិចមានការប្រកាសជាផ្លូវការហើយថា កីឡាករ Jakkit Wechpirom ដែលលេងអោយក្លិប Bangkok United ត្រូវបានផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគកំពូលជប៉ុន Tokyo FC ក្នុងលក្ខខណ្ឌខ្ចីជើង ក្លាយជាកីឡាករថៃទី៣ នៅក្នុងឆ្នាំ២០១៧នេះ ដែលបានផ្លាស់ទៅប្រកបអាជីពនៅប្រទេសជប៉ុន។

វ័យត្រឹមតែ២០ឆ្នាំ កីឡាករ Jakkit Wechpirom ត្រូវបានក្លិបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១០នៅលីគកំពូលជប៉ុនគិតត្រឹមជុំទី១ ខ្ចីជើងក្នុងលក្ខខណ្ឌរហូតដល់ចប់រដូវកាល២០១៧នេះ។

តាមការចេញផ្សាយនៅលើវិបសាយផ្លូវការរបស់ក្លិប Bangkok United បានអោយដឹងថា បន្ទាប់ពីបានបញ្ចូនកីឡាករ Jakkit Wechpirom ទៅហ្វឹកហាត់នៅប្រទេសជប៉ុនជាមួយក្លិប Tokyo FC នេះរួចមក កីឡាករវ័យ២០ឆ្នាំរូបនេះ ត្រូវបានក្លិប Tokyo FC ទទួលការចាប់អារម្មណ៍ និងចុះកិច្ចសន្យានាំយកកីឡាកររូបនេះក្នុងលក្ខខណ្ឌខ្ចីជើងផ្ទាល់តែម្ដង ស្របពេលដែលក្លិបទាំង២ បានចុះអនុស្សារណៈយោគយល់គ្នាក្នុងការដោះដូរកីឡាករគ្នាផងដែរនោះ។

ចំពោះការផ្លាស់ទៅចូលរួមជាមួយ ក្លិប Tokyo FC នេះ សម្រាប់ Jakkit Wechpirom គឺជាកីឡាករថៃទី៣ហើយដែលចេញទៅប្រកបអាជីពនៅប្រទេសជប៉ុន នាឆ្នាំ២០១៧នេះ បន្ទាប់ពីកីឡាករ Sittichok Paso ទៅចូលរួមជាមួយក្លិប Kagoshima United និងកីឡាករ Chanathip Songkrasin ផ្លាស់ទៅចូលរួមជាមួយក្លិប Hokkaido Consadole Sapporo ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។

គួរបញ្ជាក់ថា Jakkit Wechpirom មានវ័យ២០ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើស្លាប ចាប់ផ្ដើមប្រកបអាជីបដំបូងជាមួយក្លិប Bangkok United នេះផ្ទាល់តែម្ដងតាំងពីឆ្នាំ២០១៥។

ឆ្នាំ២០១៥ កីឡាកររូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំថៃ ដោយបង្ហាញខ្លួនបាន១៣ប្រកួត ទាត់បញ្ចូលទីបាន៥គ្រាប់ និងជួយអោយក្រុមឈ្នះជើងឯកពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំប្រចាំតំបន់អាស៊ាន AFF U-19 Championship 2015 ដែលធ្វើឡើងនៅប្រទេសឡាវផងដែរ បច្ចុប្បន្នកីឡាកររូបនេះក៏មានឈ្មោះជាមួយ U-23 ថៃផងដែរ៕

 

រូបភាព: Bangkok United