ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ពិភពលោក FIFA Confederations Cup 2017 ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី អមដោយប្រាក់រង្វាន់៥លានដុល្លារអាមេរិក ក្រោយយកឈ្នះក្រុមជម្រើសជាតិ ឈីលី នៅវគ្គផ្ដាច់ព្រ័ត្រយប់ថ្ងៃអាទិត្យនេះ ក្រោមក្រសែភ្នែកទស្សនិកជនលើទីលានជាង៥ម៉ឺននាក់។
ការប្រកួតដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល Milorad Mažić ជនជាតិសេប៊ី រូបនេះជ័យជម្នះបានទៅជម្រើសជាតិអាល្លឺម៉ង់ ដែលទាត់បញ្ជូលទីដោយកីឡាករ Lars Stindlសមាជិកមកពីក្លិប Borussia Mönchengladbach នៅនាទីទី២០។
ព្រឹត្តិការណ៍កម្ដៅសាច់ដុំមុនពានរង្វាន់ FIFA World Cup 2018 មកដល់នេះរៀបចំពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ជាលទ្ធផលក្រុមអាល្លឺម៉ង់ ជាជើងឯក ហើយឈីលី ជាជើងឯករង ខណៈក្រុមព័រទុយហ្គាល ជាប់លេខ៣ និងក្រុមម៉ិចស៊ីកូ ជាប់លេខ៤។ ពានរង្វាន់កីឡាករទាត់បាល់បញ្ជូលទីបានច្រើនជាងគេបានទៅកីឡាករអាល្លឺម៉ង់ ៣នាក់ដែលរកបាន៣គ្រាប់ដូចគ្នាគឺ Leon Goretzka, Lars Stindl, Timo Werner ហើយពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍បានទៅកីឡាករអាល្លឺម៉ង់ ដូចគ្នាគឺJulian Draxler ខណៈអ្នកចាំទីល្អបានទៅកីឡាករClaudio Bravo របស់ឈីលី និងចុងក្រោយពានរង្វាន់ Fair Play Award បានទៅក្រុមអាល្លឺម៉ង់៕
[youtube id=”xTuFgbYts64″]