ខ្សែបម្រើក្រុមជម្រើសជាតិស្វីស Xherdan Shaqiri និង Granit Xhaka រួមជាមួយប្រធានក្រុម Stephan Lichtsteiner ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកធ្វើការពិន័យទៅលើការអបអរពេលស៊ុតបញ្ចូលទីក្រុមជម្រើសជាតិស៊ែប។
កីឡាករទាំងពីរបានអបអរធ្វើស្ទីលសត្វឥន្ទ្រីដែល FIFA គិតថាវាអាចជាសារពាក់ព័ន្ធនឹងនយោបាយ។ Xhaka និង Shaqiri ទោះលេងឲ្យស្វីសតែពួកគេគឺជាជនជាតិដើមអាល់បានីហើយប្រទេសស៊ែបធ្លាប់មានជម្លោះផ្នែកយោធាជាមួយអាល់បានីអស់ជាច្រើនឆ្នាំទើបបញ្ចប់ក្នុងឆ្នាំ១៩៩៩ប៉ុណ្ណោះក្រោមការអន្តរាគមន៍ពីកងកម្លាំងណាតូ។
ដោយសារដូច្នេះហើយទើប FIFA សង្ស័យថាការអបអរខាងលើតំណាងឲ្យសញ្ញាសត្វឥន្ទ្រីលើទង់ជាតិអាល់បានី ក្នុងន័យដៀមដាមដល់ស៊ែបដែលធ្លាប់ឈ្លានពានពួកគេ។
ដូចនេះ សហព័ន្ធបាល់ទាត់ពិភពលោកបានពិន័យ Xhaka និង Shaqiri ចំនួន៧ ៦៣២ផោន និង Lichtsteiner ៣ ៨១៦ផោន បទចោទប្រកាន់ “កាយវិការមិនគាំទ្រ” ដែលពូកគេធ្វើដៃជារូបឥន្ទ្រីតំណាងឲ្យទង់ជាតិប្រទេសអាល់បានី។