យោងតាមសម្តីរបស់ភ្នាក់ងារខ្សែប្រយុទ្ធ Anthony Martial បានឲ្យដឹងថា កីឡាករបារាំងមានបំណងចង់ចាកចេញពី Manchester United ក្នុងរដូវក្ដៅនេះ ដោយសារកត្តាមិនសូវបានលេងពេញម៉ោង។
លោក Philippe Lamboley ដែលជាភ្នាក់ងាររបស់ Martial បាននិយាយថា United ចង់ពង្រីកកុងត្រាជាមួយMartial មិនចង់ឲ្យកីឡាករបារាំងរូបនេះចេញពីក្លឹបឡើយ។ ប៉ុន្តែសាមីខ្លួនមិនចង់នៅទៀតឡើយ ព្រោះការលេងរបស់គេបានតិចតួចណាស់កាលពីរដូវកាលមុន ក្រោយមានវត្តមានរបស់ Alexis Sanchez។
កុងត្រារបស់កីឡាករវ័យ២២ឆ្នាំជាមួយបិសាចក្រហមនឹងអស់នៅចុងរដូវកាលក្រោយ។ រដូវកាលមុនគេមិនសូវបានលេងពេញតង់ប៉ុន្មានទេ បង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីរកបាន១១គ្រាប់ ដែលជាមូលហេតុធ្វើឲ្យគេមិនត្រូវជាប់ក្នុងជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំនេះទេ៕