អ្នកចាំទី Loris Karius របស់ Liverpool បានទទួលការស្គែនក្បាលនៅអាមេរិកក្រោយការប្រកួតផ្ដាច់ព្រ័ត្រ Champions League ចាញ់ Real Madrid កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ ដ្បិតមានក្ដីបារម្ភប៉ះពាល់ខួរក្បាល បន្ទាប់ពីទង្គិចនឹង Sergio Ramos។

លទ្ធផលស្គែនដោយវេជ្ជបណ្ឌិតអាមេរិក Ross Zafonte បង្ហាញថា Karius ពិតជាមានការប៉ះទង្គិចខួរក្បាលមែន ហើយប្រហែលការប៉ះទង្គិចនោះបានជះឥទ្ធិពលលើគុណផល(performance)របស់គេ រហូតបង្កកំហុស២គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៣របស់ Real។

ការប៉ះទង្គិចជាមួយកែងរបស់ Ramos អំឡុងការប្រកួតចុងខែមុននោះ កើតឡើង២នាទីមុនពេល Karius ឱ្យកាដូគ្រាប់ទី១ទៅ Real ដោយបោះបាល់បុកនឹងជើងរបស់ Karim Benzema។

យ៉ាងណាក្ដី Ramos មិនរងពិន័យអ្វីឡើយ ដោយសារតែវីដេអូទូរទស្សន៍បង្ហាញថាពេលនោះប្រធានក្រុម Real រូបនេះត្រូវបាន Virgil van Dijk ច្រានរហូតប៉ះអ្នកចាំទីហង្សក្រហម៕.

ទស្សនាវីដេអូ៖