ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ របស់ក្រុមជម្រើសជាតិប័រទុយហ្គាល់ និងក្រុម Real Madrid កីឡាករ Cristiano Ronaldo បានជួលបុរសទំពែកមាឌមាំ ដែលគេស្គាល់ថាជាកំពូលអ្នកប្រយុទ្ធជាមួយគោជល់ ឈ្មោះ Nuno Marecos ជាអ្នកការពារផ្ទាល់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Sun។
បុរសខ្លាំង ដែលជាអតីតអ្នកប្រយុទ្ធ MMA និងកងទ័ពលោតឆ័ត្រយោងនេះ មានតួនាទីការពារសុវត្ថិភាពរបស់ Ronaldo តាំងពីការប្រកួតផ្តាច់ព្រ័ត្រ Champions League ក្នុងទីក្រុងគៀវ រហូតដល់ចប់ World Cup 2018។ ជាការការពារដ៏រឹងមាំ បន្ទាប់ពី Ronaldo បានទទួលសារព្រមានពីក្រុម ISIS ថានឹងកាត់ក្បាលកីឡាករប័រទុយហ្គាល់នេះ។
តាមប្រភពដែលស្និទ្ធិនឹងម្ចាស់ពានរង្វាន់ Ballon d’Dor បានឲ្យដឹងថា Ronaldo តែងតែមើលស្ទើរតែគ្រប់ការសម្តែងគោជល់ (bullfighting) ហើយក៏សម្រេចចិត្តជ្រើសរើសយកលោក Nuno តែម្តង ដោយសារតែគាត់គិតថា បុរសម្នាក់នេះ មានកម្លាំងខ្លាំងគួរជាទីទុកចិត្ត។
គួរជម្រាបជូនថា អាជីពជាអ្នកប្រយុទ្ធជាមួយគោជល់ ជាអាជីពដ៏គ្រោះថ្នាក់មួយ ហើយលោក Nuno ក៏ធ្លាប់រងរបួសធ្ងន់ជិតស្លាប់ ដោយសារតែការប្រយុទ្ធនេះផងដែរ។ យ៉ាងណាក៏ដោយ ប្រភេទការសម្តែងដោយប្រយុទ្ធជាមួយគោជល់ គឺជាកីឡាវប្បធម៌តាំងពីយូរលង់របស់អេស្ប៉ាញ និងប័រទុយហ្គាល់ ដែលនៅតែបន្តមានប្រជាប្រិយភាពមកដល់សព្វថ្ងៃ៕