ខ្សែការពារចាស់វស្សា ស៊ុន សុវណ្ណរិទ្ធី នឹងពាក់ស្លាកប្រធានក្រុមបឹងកេតសម្រាប់ការប្រកួតមិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី៨ទល់នឹង អង្គរថាយហ្គឺ នៅស្តាតចាស់ថ្ងៃសៅរ៍ ទី២ខែមិថុនា។
លោក ហៅ សុជាតិ បានប្រាប់ឲ្យដឹងថា៖ សុវណ្ណរិទ្ធី គ្រាន់តែដើរតួនាទីជាប្រធានក្រុមបណ្ដោះអាសន្នសម្រាប់ការប្រកួតចំពោះមុខតែប៉ុណ្ណោះ។ ចំណែកប្រធានក្រុមអចិន្ត្រៃយ៍ជំនួស ឃួនឡា បូរ៉ាវី នៅមិនទាន់ជ្រើសរើសទេ ពោលគឺកំពុងបន្តពិចារណានៅឡើយ ហើយក្នុងនោះ អ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ ហុង ផេង ក៏ស្ថិតក្នុងក្រសែភ្នែកលោកជាតិរួមជាមួយ Mizuno Hikaru, Maycon Calijuri និង សុវណ្ណរិទ្ធី ដែរ។
ជ័យលាភីគ្រូល្អជាងគេប្រចាំរដូវកាល២០១៧ បញ្ជាក់ថា៖ ជាបណ្ដោះអាសន្ន សម្រាប់ប្រកួតស្អែកជាមួយអង្គរថាយហ្គឺរ សុវណ្ណរិទ្ធី នឹងដើរតួជាប្រធានក្រុមជាបណ្ដោះអាសន្នដោយសារគាត់ចាស់ជាងគេ បទពិសោធក្រាស់ក្រែល ហើយរាល់ការប្រកួត គាត់តែងតែបង្ហាញបានល្អ ទាំងការដាស់តឿន មិត្តរួមក្រុម ការណែនាំ និងការលើកទឹកចិត្ត ជាដើម។ រីឯប្រធានក្រុមជាអចិន្ត្រៃយ៍តែម្ដង ខ្ញុំមិនទាន់សម្រេចទេ ព្រោះមានបេក្ខជនច្រើនដែលខ្ញុំមើលឃើញ ដូចជា យ៉ាទី, ហុង ផេង, Mizuno, Maycon និង សុវណ្ណរិទ្ធី។
សូមរំឭកថា ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវីបានទៅចូលរួមក្លិបថៃ Surat Thani FC ដោយអ្នកចាំទី ស៊ូ យ៉ាទី បានពាក់ស្លាកប្រធានក្រុមពេលបឹងកេតឈ្នះព្រះខ័នរាជស្វាយរៀង ៣-១ ហើយពេលស្មើ អគ្គិសនីកម្ពុជា ១-១ សប្ដាហ៍មុន ហុង ផេង បានពាក់ស្លាកកាពីទែន ជំនួស យ៉ាទី ដែលកំពុងរបួស។ ហុង ផេង ក៏បានរងរបួសសរសៃពួរភ្លៅស្រដៀងយ៉ាទីក្នុងវគ្គទី១នៃថ្ងៃពាក់ស្លាកប្រធានក្រុមនោះដែរ និងត្រូវអវត្តមានពីប្រកួតស្អែកនេះផងដែរ៕
ប្រភព & រូបភាព៖ CNCC