កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អ្នកចាត់ការ Real Madrid លោក Zinedine Zidane បានសម្រេចចិត្តលាលែងពីតំណែងយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ក្នុងសន្និសីទសារព័ត៌មានភ្លាមៗរបស់ក្រុមរហស្សនាមអធិរាជស បុរសជនជាតិបារាំងបាននិយាយថាខ្លួនមិនបន្តដឹកនាំក្លឹបយក្សអេស្ប៉ាញទៀតទេនារដូវកាលក្រោយ។
ការប្រកាសចាកចេញពីតំណែងអ្នកចាត់ការ Real Madrid យ៉ាងគួរឲ្យភ្ញាក់ផ្អើលនេះធ្វើឡើង១សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះពានរង្វាន់ UEFA Champions League លើកទី១៣ នារដូវកាលនេះប៉ុណ្ណោះ។ បុរសវ័យ៤៥ឆ្នាំបាននិយាយយ៉ាងខ្លីថា៖ “ក្រោយរយៈពេល ៣ ឆ្នាំ ការផ្លាស់ប្ដូរ គឺចាំបាច់”។ យ៉ាងណាក្តី Zidane បានបង្ហើរថា ខ្លួននឹងអាចមកដឹកនាំក្លឹប Real Madrid ម្ដងទៀតនាពេលអនាគត។
ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងតែទៀតនោះគឺ លោក Naguib Sawiris ជាអ្នកជំនួញសញ្ជាតិអេហ្ស៊ីបនឹងជាបុរសដែលមានឥទ្ធិពលនៅតំបន់មជ្ឈឹមបូពាបានបង្ហោះសារនៅក្នុងគណនី Twitter ផ្ទាល់ខ្លួនថា Zinedine Zidane នឹងទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកាតារយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ២០១២ជាមួយនឹងថ្លៃនឿយហត៥០លានផោនក្នុងមួយឆ្នាំបូករួមនឹងប្រាក់បន្ថែមលើកទឹកចិត្តផ្សេងៗទៀត។
ក្នុងអំឡុងពេល ៣ ឆ្នាំក្នុងការដឹកនាំ Real Madrid លោក Zinedine Zidane ឈ្នះពានជាមួយក្លឹបដល់ទៅ ៨ ពាន ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា ពានលីគកំពូលអេស្ប៉ាញ (រដូវកាល ២០១៦/១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២ដង និង Supercopa de Espana មួយលើកផងដែរ៕