ម្ចាស់ក្លិបបាល់ទាត់ Chelsea លោក Roman Abramovich បានហោះទៅទីក្រុង Tel Aviv កាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីរកឃើញថាខ្លួនអាចទទួលបានភាពជាពលរដ្ឋអ៊ីស្រាអែល ត្បិតអ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលអាចចូលប្រទេសអង់គ្លេសបានរយៈពេលខ្លីដោយមិនបាច់មានទិដ្ឋាការ។

មន្ត្រីអន្តោប្រវេសន៍ប្រាប់ BBC ថាលោក Abramovich ដែលមានទ្រព្យសម្បត្តិ១១.៥ពាន់លានដុល្លារ ត្រូវបានសម្ភាសសប្ដាហ៍មុននៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងមូស្គូ ខណៈកំពុងរងការពន្យារពេលនៃការផ្ដល់ទិដ្ឋាការអង់គ្លេសថ្មី។

ទិដ្ឋាការវិនិយោគិនរបស់លោក Abramovich ត្រូវបានរាយការណ៍ថាអស់សុពលភាពប៉ុន្មានសប្ដាហ៍មុន ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីបុគ្គលរបស់លោកឡើយ។

ការពន្យារពេលផ្ដល់ទិដ្ឋាការថ្មីដល់ម្ចាស់ក្លិប Chelsea វ័យ៥១ឆ្នាំខាងលើកើតឡើងចំពេលដែលអង់គ្លេសនិងរុស្ស៊ីមានភាពតានតឹងផ្នែកការទូត ក្រោយអតីតចារជនរុស្ស៊ី Sergei Skripal ត្រូវបានបំពុលនៅភាគខាងត្បូងប្រទេសអង់គ្លេស។