លោក Pini Zahavi ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Robert Lewandowski កាលពីម្សិលមិញ បាននិយាយថា កីឡាករប៉ូឡូញចង់ចាកចេញពី Bayern Munich ដើម្បី “ស្វែងរកបទពិសោធន៍ថ្មីៗ”។
ការថ្លែងនេះ ធ្វើឡើងជិត ១ ខែប៉ុណ្ណោះ ក្រោយនាយកប្រតិបត្តិក្លឹប Bayern បានគូសបញ្ជាក់ថា Lewandowski នៅតែ “ស្មោះស្ម័គ្រ” ជាមួយក្លឹប ហើយចេញមុខទាត់ចោលរបាយការណ៍ដែលថា កីឡាករនឹងចាកចេញពីក្លឹបទៅ Real Madrid។
លោក Zahavi បាននិយាយ៖ “Robert មានអារម្មណ៍ថាត្រូវការ ការផ្លាស់ប្ដូរមួយ និងបទពិសោធន៍ថ្មីក្នុងអាជីពរបស់រូបគេ។ ថ្នាក់ដឹកនាំ Bayern បានដឹងពីគោលបំណងនេះរួចរាល់ហើយ ដូច្នេះពួកគេគួរតែយល់អំពីស្ថានភាពរបស់ Robert”។
សូមបញ្ជាក់ផងដែរថា តាំងពីចាកចេញពី Borussia Dortmund មកចូលរួមជាមួយ Bayern នៅឆ្នាំ ២០១៤ កីឡាករប៉ូឡូញបានបង្ហាញទម្រង់លេងយ៉ាងល្អដោយបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។