ការប្រកួតកីឡាជាតិលើកទី២ (The 2nd National Games) បានបើកជាផ្លូវការហើយក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី និងមហាជនយ៉ាងច្រើនកុះករ។
មុននឹងបើកពិធីនៅពហុកីឡដ្ឋានជាតិ កីឡាករប្រដាល់ ឃុន ឌីម៉ា និង សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា រួមទាំង ប្រាក់ មុន្នីឧត្តម ទទួលបានព្រះប្រទានភ្លើងគប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងវិស័យកីឡានៅប្រទេសកម្ពុជា។
ព្រឹត្តិការណ៍វិសេសវិសាលនេះមានពិធីដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់ចលនាអូឡាំពិកកម្ពុជា។ ការសម្តែងក្បួនដង្ហែកងទ័ពខ្មែរបុរាណ-ល្បុក្កតោ ការសម្តែងចលនាកាយសមស្របដោយគរុសិស្សកីឡា ការសម្តែងចលនាកាយសមស្របដោយក្រុមតេក្វាន់ដូ WTF។ ពិធីដង្ហែក្បួនព្យុហយាត្រាប្រតិភូកីឡា ទស្សនាព្រះរាជពិធីប្រទានភ្លើងកីឡាជាតិជាដើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំ២០១៨នេះបានរៀបចំឲ្យមានការប្រកួតនៅ រាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ជាដើមផងដែរ៕
រូបភាព៖ NOCC