ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ (The 2nd National Games) ​​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​ក្រោម​អធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​អាណា​ចក្រ​កម្ពុជា ​មន្ត្រី​​រាជការ​​ ​ភ្ញៀវជាតិ ​អន្តរជាតិ​ កីឡាករ​ កីឡា​ការិនី និង​មហាជន​យ៉ាង​ច្រើន​កុះករ។

មុននឹងបើកពិធីនៅពហុកីឡដ្ឋានជាតិ កីឡាករប្រដាល់ ឃុន ឌីម៉ា និង សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា រួមទាំង ប្រាក់ មុន្នីឧត្តម ទទួលបានព្រះប្រទានភ្លើងគប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងវិស័យកីឡានៅប្រទេសកម្ពុជា។

ព្រឹត្តិការណ៍​វិសេសវិសាល​នេះ​​មាន​ពិធី​ដង្ហែ​ទង់​ជាតិ​ ទង់​កីឡា​ជាតិ​ ទង់​ចលនាអូឡាំពិក​​កម្ពុជា។ ការ​សម្តែង​ក្បួន​ដង្ហែ​កង​ទ័ព​ខ្មែរ​បុរាណ​-ល្បុក្កតោ​ ការ​សម្តែង​ចលនា​កាយ​សម​ស្រប​ដោយ​​គរុ​សិស្ស​កីឡា​ ការ​សម្តែង​​ចលនា​កាយ​សម​ស្រប​​​ដោយ​ក្រុម​តេក្វាន់ដូ​ WTF។ ពិធី​ដង្ហែ​ក្បួន​ព្យុហយាត្រា​ប្រតិភូ​កីឡា​ ទស្សនា​ព្រះ​រាជ​ពិធី​ប្រទាន​ភ្លើង​កីឡា​ជាតិ​​ជា​ដើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើកទី​២ឆ្នាំ​២០១៨​នេះបាន​រៀប​ចំ​ឲ្យ​​មាន​​ការ​ប្រកួត​​​​​នៅ រាជធានី​ភ្នំពេញ ខេត្ត​​កែប កំពត និង​ខេត្ត​កំពង់ធំ ជាដើមផងដែរ៕
រូបភាព៖ NOCC