អត្តពលិកកម្ពុជា២រូបទៀត រួមមានកីឡាករ ឈុន សុខឡេង និងកីឡាការិនី Tubbs Casandre Nicole បានបាត់បង់ឱកាសក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍កីឡា តេក្វាន់ដូកម្រិតពិភពលោក MUJU WTF WORLD TAEKWONDO CHAMPIONSHIP 2017 បន្ទាប់ពីរងបរាជ័យដូចគ្នានៅព្រឹកនេះ។
ជាលទ្ធផល កីឡាករ ឈុន សុខឡេង បានជ្រុះចេញត្រឹមវគ្គ៦៤នាក់ចុងក្រោយ ក្នុងការប្រកួតលើប្រភេទទម្ងន់៦៣គីឡូក្រាម បន្ទាប់ពីធ្វើបានយ៉ាងល្អនៅវគ្គ១២៨ ដោយបានយកឈ្នះ កីឡាករមកពីសិង្ហបុរី Tan Jason ដោយពិន្ទុ ២០ទល់១១ និងបានឡើងមកជួបកីឡាករសញ្ជាតិក្រូអាត Brecic Lovre ប៉ុន្តែបរាជ័យដោយលទ្ធល ២៧ទល់៦ អស់ឱកាសឡើងទៅវគ្គបន្ត។
ដោយឡែកកីឡាការិនី កូនកាត់ខ្មែរអាមេរិក Tubbs Casandre Nicole ក៏បាត់បង់ឱកាសដូចគ្នា ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិប្រេស៊ីល Aroujo Rafaela ដោយលទ្ធផល ១១ទល់១០។
គួរបញ្ចាក់ថា ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានបញ្ជូលអត្តពលិកចំនួន ៥រូប ទៅប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់ខ្លួន ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែ សីហាខាងមុខ៕