ប្រធាន​ក្រុម​ ​Real Madrid កីឡាករ Sergio Ramos អាច​នឹង​ត្រូវ​ខកខាន​លេង​ក្នុង​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ Champions League បន្ទាប់​ពី​ Real Madrid បាន​ទម្លាក់​ Juventus ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​កាល​ពី​យប់​មិញ។

ការ​ប្រកួត​កាល​ពី​យប់​មិញ​​ក្រុម​ជើង​ឯក​អ៊ីតាលី​ស្ទើរ​តែ​សម្រេច​គោល​បំណង​បាន​លេង​វគ្គ​បន្ថែម​១៥​នាទី​ពីរ​ដង​ទៅ​ហើយ​មុន​ពេល​អាជ្ញាកណ្ដាល​លោក Michael Oliver ផ្ដល់​បាល់​ពិន័យ​១១​​ម៉ែត្រ​ឲ្យ​ Real Madrid សម្រាប់​កំហុស​របស់​ Mehdi Benatia ទៅ​លើ​ Lucas Vazquez។

កីឡាករ​ Juventus ទាំង​អស់​បាន​ខក​ចិត្ត​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​និង​ករណី​កាត​ក្រហម​ឲ្យ​ Gianluigi Buffon ដេញ​ចេញ​ពី​ការ​ប្រកួត​​ក្រោយ​ពេល​កាយ​វិការ​មិន​សម​រម្យ​ដាក់​អាជ្ញាកណ្ដាល។ ចំណែក​Romos ដែល​ដំបូង​ឡើយ​អង្គុយ​មើល​តាំង​ពី​កន្លែង​អ្នក​ទស្សនា​ធម្មតា​ចុះ​មក​ក្រោម​រហូត​ជិត​ច្រក​ផ្លូវ​កីឡាករ​ចេញ​ចូល​ប្រកួត​ដោយ​សារ​តែ​ទ្រាំ​នឹង​ទិដ្ឋភាព​នៃ​ការ​ប្រកួត​មិន​បាន។ គាត់​មិន​បាន​លេង​យប់​មិញ​ដោយ​សារ​ជាប់​បម្រាម​កាត​លឿង​២​ដង​ក្នុង​២​ប្រកួត​កាល​ជើង​ទី​មួយ​នៅ​ទឹក​ដី ​Turin។

អញ្ចឹង​ក៏​ដោយ​ Ramos អាច​នឹង​ត្រូវ​ជាប់​ពិន័យ​បន្ថែម​ទៀត​ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពេល​ Real Madrid អាច​នឹង​ជួប​ Liverpool, Roma ឬ​ក៏​Bayern Munich បន្ទាប់​ពី​គាត់​ចេញ​ពី​កៅអី​អង្គុយ​ដំបូង​របស់​គាត់​មក​ឈរ​នៅ​មាត់​ច្រក​​ចេញ​ចូល​កីឡដ្ឋាន។ លើស​ពី​នេះ​ Ramos ក៏​មាន​បញ្ហា​ត​មាត់​ត​ក​ជា​មួយ​គ្រូ​បង្វឹក​ Juventus លោក Massimiliano Allegri ​មុន​ពេល​Ronaldo ទាត់​បាល់​ពិន័យ។

បើ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ UEFA កីឡាករ​ដែល​ជាប់​បម្រាម​គ្មាន​សិទ្ធ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​មួយ​ចំនួន​នៃ​ទីលាន​អំឡុង​ការ​ប្រកួត​និង​ការ​ប្រកួត​ចប់​ភ្លាមៗ។​ប្រភព​ជិត​ស្និត​ជាមួយ Real Madrid បាន​និយាយ​ប្រាប់​វិទ្យុ​អេស្ប៉ាញ​ Cadena COPE ថា​មន្រ្តី​របស់​ក្លឹប​ព្រួយ​បារម្ភ​ថា ​Ramos អាច​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ ​UEFA​ ប៉ុន្តែ​អំឡុង​ពេល​នោះ​គ្មាន​នរណា​ប្រាប់​ខ្សែ​ការពារ​រូប​នេះ​ឲ្យ​ចេញ​ទៅ​វិញ​ឡើយ។

របាយការណ៍​មួយ​ចំនួន​ទៀត​ក៏​បាន​បញ្ជាក់​ថា​ផង​ដែរ​ថា​ មាន​បញ្ហា​ប្រទាញប្រទង់​គ្នា​រវាង​កីឡាករ​Juventus ដែល​ខក​ចិត្ត​ជាមួយ​អាជ្ញាកណ្ដាល​ Oliver ខណៈ​ដែល​កីឡាករ​ Real Madrid មួយ​ចំនួន​ស្រែក​ហ៊ោ​អប​អរ​ជ័យជម្នះ​របស់​ខ្លួន៕

tWw9D5X30SU