ជាលើកដំបូងចាប់តាំងពីមកដល់ Bernabeu, Gareth Bale មិនបានចូលលេងមួយប្រកួតពេញក្នុង Champions League ទោះបីជាខ្លួនមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីលេងពេញ៩០នាទីក៏ដោយ។
ជ័យជម្នះលើ Juventus ៣ទល់០មានន័យថា Real រក្សាផ្លូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុង Champions League តែប្រហែលជាមិនអាចរក្សា Bale ឲ្យនៅបន្តទៀតទេក្នុងរដូវកាលក្រោយ បើរូបគេមិនតែមិនបានលេងបែបនេះទៀត។ ការប្រកួតកាលពីថ្ងៃអង្គារ រូបគេត្រូវបង្ខំចិត្តអង្គុយមើលគេលេងពេញ៩០នាទី ពិសេសអង្គុយមើល Lucas Vázquez, Marco Asensioនិង Mateo Kovacic ប្ដូរចូល។ អំឡុងពេល Ronaldo ទាត់ចូលគ្រាប់ទី២ Bale អង្គុយធ្វើមុខស្ងួតពីក្រោយគ្រូបង្វឹកដែលអបអរគ្រាប់។
រឿងដែល Zidane អស់អារម្មណ៍ជាមួយ Bale គឺប្រហែលជាកើតឡើងតាំងពីថ្ងៃទី១៤កុម្ភៈមកម្ល៉េះ ដែលកាលនោះ Bale បានប្ដូរចូលចុងម៉ោងក្នុងរយៈពេល២២ដែលនៅសល់ពេលដែល Real ឈ្នះ PSG ៣ទល់១ក្នុង១៦ក្រុមចុងក្រោយ។ ពេលចប់ការប្រកួត Bale មិនបានមិនបាននៅលើទីលានអរគុណដល់អ្នកគាំទ្រទេ បែរជាគេដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់ទោះបីជា Sergio Ramos ហៅឲ្យចាំបន្តិចក៏ដោយ។
អំឡុងការប្រកួតវគ្គចាញ់ធ្លាក់ក្នុង Champions League ឆ្នាំនេះ Bale លេងបានត្រឹមតែ៣៦នាទីប៉ុណ្ណោះ។ Zidane នៅតែដាក់ឲ្យគាត់លេងក្នុងលីកបានច្រើនប៉ុន្តែប៉ុណ្ណេះមិនគ្រប់គ្រាន់សម្រាប់កីឡាករកំពូលម្នាក់ដែលចង់ឈ្នះពានចង់បង្ហាញសមត្ថភាពឲ្យអស់របស់ខ្លួននោះទេ។
និយាយដល់ត្រឹមនេះ Real Madrid ខ្លាចកីឡាករវ័យ២៨ឆ្នាំទ្រាំទ្រាមិនបានហើយចាកចេញដោយតម្លៃខ្លួនថោកដើម្បីរកកន្លែងលេងពេញៗ ខណៈដែល Manchester United ជាក្លឹបមួយចង់បានខ្សែប្រយុទ្ធស្លាបរូបនេះតាំងពីរដូវកាលមុន។ វាអាចទៅរួចដែរបើ Real Madrid នៅតែមិនដាក់ឲ្យឬក៏ឲ្យអង្គុយកៅអីបម្រុងក្នុង Champions League ជើងទី២ទៀតនោះទំនាក់ទំនងរវាង Bale និងគ្រូបង្វឹកសញ្ជាតិបារាំងអាចនឹងដើរដល់ផ្លូវបំបែកមិនខាន៕