កីឡាករមួយចំនួនហាក់មិនសូវបានលេងពេលនៅជាមួយក្លឹប ប៉ុន្តែក្លាយជាកីឡាករសំខាន់ក្នុងជម្រើសជាតិ។ ខាងក្រោមជាកីឡាករអង្គុយកៅអីបម្រុងនៅក្លឹបតែជាកីឡាករសំខាន់ក្នុងជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្សី៖
អ្នកចាំទី៖ Sergio Romero (អាហ្សង់ទីន)
គាត់មិនអាចប្រជែងដំណែងអ្នកចាំទីដៃទីមួយនៅ Manchester United ពី David De Gea បានទេ ប៉ុន្តែក្នុងជម្រើសជាតិគាត់ជាអ្នកចាំទីដៃដំបូងហើយគាត់ជាកីឡាករមានបទពិសោធន៍ក្នុងជម្រើសជាតិយូរមកហើយ។
ខ្សែការពារស្លាប៖ Achraf Hakimi (ម៉ារ៉ុក)
ខ្សែការពារស្លាបម្នាក់នេះកម្របានលេងក្រោមការដឹកនាំរបស់លោក Zidane ខ្លាំងណាស់នៅ Real Madrid តែបញ្ហានេះមិនមែនជាមន្ទិលសម្រាប់ជម្រើសជាតិនោះទេ។ បទពិសោធន៍ជាមួយក្លឹបល្អនិងធំបំផុតក្នុងពិភពលោកល្មមគ្រប់គ្រាន់ឲ្យគាត់ក្លាយជាកីឡាករសំខាន់ ហើយនឹងអាចនាំក្រុមមកទ្វីបអាហ្វ្រិកមួយនេះឈ្នះ World Cup ផងក៏មិនដឹង។
ខ្សែការពារកណ្ដាល៖ Thomas Vermaelen(បែលហ្សិក)
របួសញឹកញាប់ធ្វើឲ្យរូបគេក្លាយជាកីឡាករបាត់ឈ្មោះនៅ Camp Nouប៉ុន្តែ Vermaelen នឹងនាំកីឡាករវ័យក្មេងរបស់បែលហ្សិកដើររាតត្បាតក្រុមខ្លាំងៗក្នុង World Cup។
ខ្សែការពារកណ្ដាល៖ Lucas Hernandez (បារាំង)
ខ្សែការពារវ័យក្មេងបានសម្រេចចិត្តលេងឲ្យក្រុមមាន់គកបារាំងហើយលោក Didier Deschamps ពេញចិត្តនឹងកោះហៅកីឡាកររបស់ Atletico Madrid រូបនេះនឹងជារនាំងដ៏រឹងមាំរបស់បារាំង។
ខ្សែការពារស្លាបឆ្វេង៖ Layvin Kurzawa (បារាំង)
ប៉ុន្មានប្រកួតចុងក្រោយនេះរូបគេហាក់ត្រូវបានមើលរំលងពីព្រោះគ្រូបង្វឹក PSG ពេញចិត្ត Yuri Berchiche ជាង ប៉ុន្តែក្នុងក្រុមជម្រើសជាតិបារាំង គាត់ជាខ្សែការពារជួយក្នុងតំបន់ប្រយុទ្ធបានល្អ។មិនខុសទេដែលមានគាត់ជាកីឡាករលេងក្នុងជម្រើសជាតិ។
ខ្សែបម្រើ៖ Paul Pogba (បារាំង)
អាជីពនៅMan Utd របស់គាត់ប្រៀបបានជារឿងល្ខោនចេញចូលៗដោយសារបញ្ហាជាមួយគ្រូបង្វឹកលោក Jose Mourinho។ ប៉ុន្តែជីវិតក្នុងជម្រើសជាតិហាក់មិនមានផលប៉ះពាល់អ្វីនោះទេ ខណៈអតីតម្ចាស់ជ័យលាភីកីឡាករវ័យក្មេងល្អបំផុតនៅ World Cup 2014 រូបនេះសម្លឹងមើលភាពជោគជ័យក្នុងជម្រើសជាតិក្នុង World Cup 2018។
ខ្សែបម្រើ៖ Isco (អេស្ប៉ាញ)
ខ្សែបម្រើរូបនេះនរណាថាមិនល្បី ប៉ុន្តែនៅ Real Madrid ប៉ុន្មានប្រកួតចុងក្រោយហាក់មិនសូវបានបង្ហាញខ្លួនព្រោះមិត្តរួមក្រុម Asensio និង Vazquezក៏លេងល្អផងដែរនោះ។ ប៉ុន្តែលោក Julen Lopetegui ចាត់ទុក Isco គឺជាអ្នកដឹកនាំក្នុងតំបន់ប្រយុទ្ធឲ្យគោជល់អេស្ប៉ាញ។
ខ្សែបម្រើ៖ Philppe Coutinho (ប្រេស៊ីល)
គាត់ទើបតែផ្ទេរទៅលេងនៅ Barcelona កាលពីខែមករានេះហើយមិនទាន់បានបង្ហាញពីភាពល្អរបស់ខ្លួននៅអេស្ប៉ាញនៅឡើយទេ។ ខណៈដែល Neymar អវត្តមាន អតីតខ្សែបម្រើប្រយុទ្ធ Liverpool រូបនេះ អាចរ៉ាប់រងបានក្នុងតំបន់ប្រយុទ្ធ។
ប្រយុទ្ធ៖ Julian Draxler (អាល្លឺម៉ង់)
Unai Emery ហាក់មិនសូវមើលឃើញសមត្ថភាពរបស់ Draxler ឡើយនៅ PSG ក្រោយពេលបន្ថែម Neymar និង Kylian Mbappe មកកាន់ក្លឹបធ្វើឲ្យរូបត្រូវទុកជ្រុងម្ខាង។ ប៉ុន្តែក្នុងជម្រើសជាតិ អាល្លឺម៉ង់ រូបគេនឹងលេងពេញៗម៉ោងក្នុងWorld Cup នៅរុស្សី។
ខ្សែប្រយុទ្ធ៖ Javier ‘Chicharito’ Hernández (ម៉ិកស៊ិក)
គាត់ជាកីឡាករប្រកបដោយបទពិសោធន៍ប៉ុន្តែនៅ West Ham គាត់ហាក់ក្លាយជាកីឡាករមិនសូវសំខាន់ ពីព្រោះតែរបួសផងនោះ។ តែក្នុងជម្រើសជាតិគាត់ជាប្រធានក្រុមរបស់មិកស៊ិកសម្រាប់ World Cup រដូវក្ដៅនេះ។
Alvaro Morata (អេស្ប៉ាញ)
កន្លែងរបស់គាត់ក្នុងជម្រើសជាតិសម្រាប់លេងនៅរុស្សីជិតនឹងបញ្ជាក់ឲ្យបានដឹងហើយក្រោយគ្មានឈ្មោះក្នុងបញ្ជីប្រកួតមិត្តភាពឲ្យអេស្ប៉ាញ។ប្រសិនបើគាត់មានឈ្មោះក្នុងបញ្ជីលោក Julen គាត់នឹងបង្ហាញអ្នកគ្រប់គ្នាថាជាអ្នករកគ្រាប់បាល់ដោយមិនអាចកាត់ថ្លៃបានសម្រាប់ជម្រើសជាតិ៕