គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United គឺលោក Jose Mourinho បានធ្វើការថ្លែងត្អូញត្អែរ ចំពោះការចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ពីសំណាក់គូប្រជែងដ៏ធំរួមទីក្រុមជាមួយគ្នាគឺ Manchester City ដែលធ្វើអោយក្រុមរបស់លោកមានការពិបាកនិងប្រណាំងប្រជែងគ្នា។
ចាប់តាំងពីលោក Mourinho មកដឹកនាំក្រុមបិសាចក្រហមកាលពីឆ្នាំ២០១៦មក គាត់បានចំណាយលុយទិញកីឡាករអស់ជាង ៣០០លានផោនរួចទៅហើយ ដោយបានចាយលើកីឡាករ Paul Pogba អស់ច្រើនជាងគេរហូតដលជិត ៩០ លាន ផោន ។ ចំណែកគូប្រជែងរបស់ពួកគេវិញគឺ Manchester City ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guadiola ក៏បានចាយលុយអស់យ៉ាងច្រើនមិនចាញ់គ្នាដែរ សរុបមកទល់ពេលនេះ គឺប្រមាណជា៤៥០លានផោន ដោយចំណាយច្រើនជាងគេទៅលើប្រព័ន្ធការពារដែលសុទ្ធតែជាកីឡាករថ្លៃលំដាប់កំពូលដូចជា John Stone (៤៧លានផោន) Aymeric Laporte (៦០លានផោន) Benjamin Mendy (៥២លានផោន) Ederson Moraes (៣៥លានផោន) និងខ្សែការពារជាច្រើនទៀត។
នៅពេលដែលអ្នកកាសែតសួរថា តើលោក (Mourinho) មានការព្រួយបារម្ភខ្លាចថាមិនអាចតាមទាន់ Man City ដែររឺទេ?
លោក Mourinho បានឆ្លើយតបថា៖” ទេ ខ្ញុំមិនបានគិតអញ្ចឹងទេ។ បើសិនជាក្រុមដទៃស្ថិតក្នុងស្ថានភាពល្អប្រសើរ នោះពួកគេនិងឈប់ចាយលុយទិញកីឡាករ ពេលនោះយើងនិងចាប់ផ្ដើមទិញម្ដង ហើយយើងពិតជាអាចប្រកួតប្រជែងគ្នាដោយពេញសមត្ថភាព។ តែបើសិនជាពួកគេនៅតែបន្ដចាយលុយ ដើម្បីទិញកីឡាករល្អៗចូលក្នុងក្រុមទៀតនោះ ពួកយើងប្រាកដជាពិបាកតាមឲ្យទាន់ណាស់”៕
Dailymail