ក្លឹបបិសាចក្រហម Manchester United បានក្លាយជាក្លឹបមានការគាំទ្រល្អបំផុត គិតជាមធ្យមភាគនៃចំនួនអ្នកទៅទស្សនាក្នុងការប្រកួតគិតចាប់តាំងដើមរៀងមក ឈរលេខមួយក្នុងរយៈពេល២៥រដូវកាលជាប់គ្នា។
ខណៈដែល Tottenham កំពុងលេងនៅកីឡដ្ឋាន Wembley ក្នុងរដូវកាលនេះ បិសាចក្រហមធ្លាប់បង្ហាញការព្រួយបារម្ភថាធ្លាក់ចេញពីកំពូលតារាងអ្នកគាំទ្រ ប៉ុន្តែតាមការពិតពួកគេនៅតែជាក្លឹបដែលមានអ្នកគាំទ្រល្អបំផុត។
Wembley អាចផ្ទុកអ្នកទស្សនា៩០០០០០នាក់ ប៉ុន្តែ Spurs មានអ្នកទៅមើលអស់ច្រើនបំផុតគឺ៦៧,៧៤៤នាក់ប៉ុណ្ណោះនេះបើតាមប្រភពវេបសាយ “Transfermarkt”។ ចំនួននេះស្ថិតក្នុងលំដាប់ទី២ដែលមានអ្នកទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាននៅរដូវកាលនេះ ខណៈដែល Manchester United នៅតែឈរលេខ១ដដែលអស់រយៈពេល២៥រដូវកាលទៅហើយ។
បច្ចុប្បន្ន Red Devils កំពុងមានអ្នកទៅទស្សនាក្នុងកីឡដ្ឋានគិតជាមធ្យម ៧៤,៩៦២នាក់ក្នុងការប្រកួតក្នុងផ្ទះខ្លួនឯង នៃពាន Premier League ។តួលេខនេះមានន័យថាអ្នកគាំទ្រទៅមើលផ្ទាល់ ៩៩% នៃចំនួនកៅអីទាំងអស់របស់កីឡដ្ឋាន Old Trafford។
ក្រុមឈរលេខ៣គឺកាំភ្លើងធំ Arsenal ដែលមានអ្នកទៅទស្សនាជាមធ្យម៥៩,៣០៧នាក់ នៅកីឡដ្ឋាន Emirates Stadium ខណៈដែលក្រុម West Hame តាមជិតទាន់ Arsenal ដែលមានអ្នកទៅទស្សនាក្នុងការប្រកួតនៅកីឡដ្ឋាន Olympic Stadium កើនឡើងដល់៥៦,៨៨៥ក្នុងការប្រកួតម្ដងៗ។
ចំណែកក្រុមដែលមានអ្នកទៅទស្សនាតិចជាងគេបំផុតគឺ Bournemouth។ ក្លឹបមួយនេះមានអ្នកទៅមើលផ្ទាល់ច្រើនបំផុតត្រឹមតែ១១,៤៦៤នាក់ប៉ុណ្ណោះ។ បើគិតមធ្យមមានត្រឹមតែ១០,៦២៩នាក់គឺតិចជាង Manchester United ដល់ទៅ៧ដងឯណោះ៕