លោក Unai Emery គ្រូបង្វឹក PSG បានទទូចថាគ្មានអ្វីត្រូវខ្មាសគេនោះទេដែលក្រុមរបស់លោកចាញ់ Real Madrid បន្ទាប់ពីការប្រកួតចប់សព្វគ្រប់ ក្រុមអ្នកមានបារាំងបានធ្លាក់ចេញពីពាន Champions League ក្រោមស្នាដៃរបស់ម្ចាស់ជើងឯក។
ក្រោយចប់ការប្រកួតលោកបាននិយាយបែបនេះ៖” ការធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយពិតជាខកចិត្តខ្លាំងណាស់ប៉ុន្តែការចាញ់ក្រោមដៃ Real Madrid គ្មានអ្វីគួរខ្មាសគេនោះទេ។ ពួកគេសាកសមនឹងឡើងទៅហើយ។ មិនចាំបាច់វិភាគអីវែងឆ្ងាយទេ”។
Cristiano Ronaldo និងCasemiro រកបានមួយគ្រាប់ម្នាក់ឲ្យReal Madrid ក្នុងវគ្គទី២ខណៈដែលCavani រកបានមួយគ្រាប់ឲ្យម្ចាស់ផ្ទះដែរ។ ការចាញ់នេះក៏ដោយសារបាត់បង់Marco Verratti ដែលទទួលបានកាតក្រហមនៅវគ្គទី២ហើយសរុបគ្រាប់បាល់គឺ៥-២។នេះជារដូវកាលទី២ហើយដែលPSG ចាញ់ក្រោមស្នាដៃរបស់ក្រុមមកពីអេស្ប៉ាញខណៈដែលរដូវកាលមុនចាញ់ Barcelona។
“កម្មវត្ថុរបស់យើងគឺពាន Champions League។ពេលនេះមិនមែនជាពេលវេលា និយាយពីអនាគតនោះទេ។ ខ្ញុំសង្ឃឹមថា PSG នឹងបន្តខិតខំប្រឹងប្រែងហើយសាងសងក្រុមមួយ ដែលអាចឈ្នះនៅពេលអនាគត។ ពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំបាននិយាយហើយ ក្រុមមួយនេះអាចឈ្នះ Champions League ប៉ុន្តែត្រូវការពេលវេលា និងការដំណើរការល្អសិន”៕