អតីតកីឡាកររបស់ក្រុម Liverpool លោក Jamie Redknapp ជឿថាខ្សែបម្រើ Manchester United កីឡាករ Pual Pogba គួរតែមានអនាគតល្អជាងនេះ បើលេងនៅ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola។
Pogba បង្ហាញទម្រង់លេងយ៉ាប់មើលមែនទែន ហើយក៏កំពុងស្ថិតក្នុងការរិះគន់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ Newcastle កាលពីថ្ងៃអាទិត្យ១-០ ខណៈដែលកីឡាករបារាំងមិនអាចធ្វើអ្វីបានក្នុងការលេងពេញ៩០នាទី។ និយាយក្នុងទូរទស្សន៍ Sky Sport, Rednapp បានសន្និដ្ឋានថា Jose Mourinho មិនអាចធ្វើឲ្យ Pogba បង្ហាញសក្ដានុភាពពេញលេញនោះទេ ហើយលោកមានអារម្មណ៍ថា Guardiola នឹងធ្វើឲ្យ Pogba ប្រសើរជាងនេះ ដើម្បីឲ្យកីឡាករវ័យ២៤ឆ្នាំបង្ហាញអស់នូវសមត្ថភាពដែលមានក្នុងខ្លួន។
“ ខ្ញុំគិតថា Mourinho ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទៅលើ Pogba នេះជាការងាររបស់គាត់។ មនុស្សគ្រប់គ្នារំពឹងថា គាត់នឹងក្លាយជាកីឡាករមានទំនុកចិត្តធំបំផុត ប៉ុន្តែខ្ញុំគិតថា ស្ថានភាពនេះគាត់ត្រូវការការយកចិត្តទុកដាក់ និងការស្រឡាញ់មួយខ្ពស់។ ដកគាត់ចេញពីការប្រកួតជាមួយ Spurs នោះមិនមែនជារបៀបដែលអ្នកទទួលបានភាពល្អបំផុតរបស់គាត់នោះទេ អ្នកអាចឃើញពេលលេងជាមួយ Newcastle ទំនុកចិត្តរបស់គាត់ពិតជាទាបណាស់”។
“ ខ្ញុំមិននិយាយថាឲ្យអ្នកត្រូវតែលួងលោម និងយកចិត្តទុកគាត់ខ្លាំងលើសគេផ្សេងនោះទេ ប៉ុន្តែខ្ញុំនឹងមិនបានឃើញទិដ្ឋភាព Pogba បែបនេះ បើស្ថិតក្នុងការបង្វឹករបស់ Pep ។ប្រសិនបើគាត់លេងនៅ Man City គាត់គួរតែក្លាយជាតារារបស់ក្លឹបទាំងមូល ។ខ្ញុំមិនគិតថា Jose Mourinho ទទួលបានសក្ដានុភាពខ្ពស់បំផុតពី Pogba នោះទេ”។
ទោះបីជាទទួលបានការលើកទឹកចិត្តពីអ្នកជំនាញនានាក្ដី ខ្សែបម្រើជម្រើសជាតិបារាំង មិនបានបង្ហាញខ្លួនឯងទៅជាកីឡាករលំដាប់ពិភពលោកពេញលេញនោះទេ ដោយក្នុងរដូវកាលនេះ រូបគេរកបានត្រឹម៣គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួតឲ្យបិសាចក្រហម៕