គ្រូ​បង្វឹក​ក្រុម​​ Arsenal ​លោក ​Arsene Wenger​បាន​និយាយ​ថា​ កីឡាករ​សញ្ជាតិ​អង់គ្លេស​ ប្រហែល​ជា​កីឡាករ​ដែល​ប៉ិន​ធ្វើ​ពុត​ជាង​គេ​នៅ​លើ​លោក។

Dele Alli បាន​ទទួល​កាត​លឿង​ក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​អាទិត្យ​ពេល​លេង​ស្មើ​ជាមួយ ​Liverpool ​ហើយ​មិត្ត​រួម​ក្រុម Harry Kane ត្រូវ​បាន​ខ្សែ​ការពារ​របស់​ហង្ស​ក្រហម Virgil van Dijk ប៉ះ​ឲ្យ​ដួល​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ។

និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​៖” ខ្ញុំ​ចាំ​បាន​ថា​ មាន​រឿង​បែប​នេះ​កើត​ឡើង​ជា​ច្រើន​នៅ​Premier League​ហើយ​កីឡាករ​អង់គ្លេស​បាន​ឃើញ​ហើយ​រៀន​សូត្រ​តាម​កីឡាករ​បរទេស​បាន​យ៉ាង​រហ័ស។ ​ពួកគេ​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ធ្វើ​ពុត​​(​​ធ្វើ​ដួល​)​ហើយ​មើល​ទៅ​។”

នៅ​មុន​ការ​ប្រកួត​ធំ​ North London Derby ​រវាង​ក្រុម ​Tottenham Hotspur និង Arsenalនៅ​កីឡដ្ឋាន ​Wembley ​នា​ថ្ងៃ​សៅរ៍​នេះ​ គ្រូ​បង្វឹក​ចាស់​វស្សា​របស់​ក្រុម​កាំភ្លើង​ធំ​រូប​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ៖”ខ្ញុំ​មិន​ដែល​ប្រាប់​កីឡាករ​របស់​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​ពុត​នោះ​ទេ​(dive)​ ហើយ​ការ​ធ្វើ​ពុត​នេះ​មិន​គួរ​កើត​មាន​ក្នុង​បាល់​ទាត់​នោះ​ទេ​”

ចំណែក​អ្នក​ចាត់​ការ​ក្រុម​ Tottenham Hotspur លោក Mauricio Pochettinoបាន​ឆ្លើយ​តប​ទៅ​និង​ ការ​លើក​ឡើង​បែប​នេះ​ថា​៖

ការ​ធ្វើ​ពុត​មិន​ទាក់ទង​និង​សញ្ជាតិ​នោះ​ទេ។ មើល​ចុះ​ កីឡាករ​មក​ពី​អាហ្សង់ទីន​ប្រេស៊ីល​ បារាំង ពួកគេ​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ពុត​។ អ្នក​អាច​ទៅ​មើល​នៅ​ប្រទេស​ផ្សេង​ដូចជា ​អេស្ប៉ាញ​ក៏​មាន​កីឡាករ​ប្រភេទ​នេះ​ដែរ​”។

“ពេល​ខ្លះ​កីឡាករ​នៅ​លើ​ទីលាន​ពុំ​បាន​គោរព​វិន័យ​នោះ​ទេ​ តែ​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​? វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​“។

គួរ​បញ្ជក់​ផង​ដែរ​ថា​ ក្នុង​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​មុន​រវាង​ក្រុម ​Liverpool​និង ​Tottenham Hotspur , Harry Kane​ត្រូវ​បាន​ខ្សែ​ការពារ​ Virgil van Dijk​ ចោទ​ថា​ធ្វើ​ពុត​ជា​ដួល​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​បន្តិច​ ហើយ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់ប៉េណាល់ទី​ឲ្យ​ Spur​ ស៊ុត​តាម​ស្មើ​ចុង​ម៉ោង​៕