ក្រុមកាំភ្លើងធំ Arsenal បានប្រកួតចាញ់ក្រុម Swansea ក្នុងលទ្ធផល៣ទល់១នាការប្រកួតក្នុងពានរង្វាន់ Premier League សប្ដាហ៍ទី២៥កាលពីយប់មិញ។
ខ្សែការពារ Nacho Monreal រកបានគ្រាប់បាល់នាំមុខឲ្យ Arsenal មុននៅនាទី៣៣ក្រោយទទួលបានបាល់បញ្ជូនពី Mesut Ozil ។ ប៉ុន្តែមួយនាទីក្រោយមកពោលគឺនាទី៣៤ Sam Clucas វាយបករកបានគ្រាប់បាល់តាមស្មើវិញភ្លាម ហើយលទ្ធផលស្មើនេះបន្តរហូតដល់ចប់វគ្គទី១។
ចូលវគ្គទី២ ក្រុមកាំភ្លើងធំ Arsenal មិនអាចធ្វើអ្វីបាននោះទេគឺមានតែឲ្យក្រុម Swansea រកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករ Jordan Ayew នាទី៦១និង Sam Clucas រកបានមួយគ្រាប់នៅនាទីទី៨៦។
ចប់ការប្រកួតក្រុមរបស់លោក Wenger ចាញ់ក្រុមបាតតារាង Swansea ៣ទល់១។ លទ្ធផលនេះធ្វើឲ្យ Arsenal បន្តឈរលេខ៦ក្នុងតារាងមាន៤២ពិន្ទុ ខណៈ Swansea ឡើងមកលេខ១៧គេចផុតពីតំបន់កាត់ចោល មាន២៣ពិន្ទុ៕
[youtube id=”xExWC7ZUaaQ”]