Alexis Sanchez ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក ​Manchester United ឆាប់​ៗ​នេះ​ដោយ​ចាក​ចេញ​ពី ​Arsenal បើ​តាម​ប្រភព​លោក​ Arsene Wenger ប៉ុន្តែ​តើ​លោក​ Jose Mourinho នឹង​ប្រើ​ប្រាស់​កីឡាករ​ម្នាក់​នេះ​ឲ្យ​លេង​តំបន់​ណា​ក្នុង​ទីលាន?

កីឡាករ​សញ្ជាតិ​ស៊ីលី​រក​បាន​៧​គ្រាប់​ហើយ ​ក្នុង​បង្ហាញ​ខ្លួន​១៩​ប្រកួត​ក្នុង​ Premier League រដូវ​កាល​នេះ​ បន្ទាប់​ពី​រក​បាន​២៤​គ្រាប់​កាល​ពី​រដូវ​កាល​២០១៦/១៧។ វា​ជា​ឱកាស​របស់​ Sanchez​ដើម្បី​រក្សា​ថ្វី​ជើង​ខ្លួន​នៅ​ដំណាក់​កាល​ជើង​ទី​២​ក្នុង​លីក​ ហើយ ​United ជឿ​ជាក់​ច្បាស់​ថា​គាត់​អាច​នឹង​ធ្វើ​បែប​នេះ​បាន​នៅ ​Old Trafford។

ជំនាញ​ចេះ​លេង​ច្រើនដំណែង​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​មាន​ន័យ​ថា ​គាត់​អាច​នឹង​បំពេញ​តួនាទី​បាន​ច្រើន​ទម្រង់ ​និង​សម្រប​ខ្លួន​បាន​ល្អ​ជាង​គេ​បំផុត​ អាស្រ័យ​លើ​ទីតាំង​ដែល​គាត់​លេង​និង​គ្រូ​ដាក់​ឲ្យ។

ដូច្នេះ​កន្លែង​ទាំង​ពី​នេះ​គឺ​សាក​សម​ជាមួយ​គាត់​ខ្លាំង៖

កីឡាករ​នាំ​លេង​ក្នុង​តំបន់​ស្លាប​ឆ្វេង​(Wing Playmaker)

អវត្ដមាន​របស់ ​Sanchez ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង​របស់ ​Arsenal ពីរ​ប្រកួត​ចុង​ក្រោយ​ គឺ​ដោយ​សារ​កីឡាករ​កំពុង​សាង​ទំនុក​ចិត្ត​នឹង​ត្រៀម​ខ្លួន​ក្នុង​ទី​កន្លែង​ថ្មី​។ Sanchez ជា​ខ្សែ​ប្រយុទ្ធ​ ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង។ ​ប៉ុន្តែ​គាត់​តែង​តែង​លេង​ចុះ​ទៅ​ខាង​ក្រោម​បន្តិច ​ដើម្បី​នាំ បាល់​មក​តំបន់​ខាង​លើ​ ទាំង​ការ​ដណ្ដើម​បាល់​ បោះ​បាល់​ និង​បង្កើត​ឱកាស​ឲ្យ​កីឡាករ​ដទៃ​បាន​បាល់​លេង។

មិន​ដូច​ខ្សែ​ប្រយុទ្ធ​ស្លាប​ដទៃ​ទៀត​ទេ Sanchez កម្រ​បោះ​បាល់​លើ​ ឬ​ផ្លោង​បាល់​ខ្លាំង​ណាស់ គឺ​សុខ​ចិត្ត​អូស​បាល់​មក​តំបន់​កណ្ដាល ​(Cut Inside) ឬ​ក៏​រត់​តម្រង់​មក​ខ្សែ​ប្រយុទ្ធ​កណ្ដាល។ គាត់​ក៏​ជំនាញ​ញាក់​បាល់​ពី​តំបន់​កណ្ដាល រក​កន្លែង​ទំនេរ​ហើយ​សម្រេច​ទី​ជាមួយ​នឹង​រយៈ​ចម្ងាយ​ជិតៗ។

Sanchez តែង​តែ​លេង​ក្នុង​តំណែង​ស្លាប​ឆ្វេង​។នៅ ​Man Utd, Anthony Martial/Marcus Rashford ក៏​លេង​ក្នុង​ដំណែង​នេះ​ដែរ។ ពួក​គេ​ទាំង​ពីរ​ប្រហែល​ជា​ត្រូវ​ប្រជែង​ដំណែង​ស្លាប​ស្ដាំ​ជាមួយ ​Mataខណៈ​ដែល ​Jese Lingard ត្រូវ​លេង​ដំណែង​ពី​ធម្មជាតិ គឺ​បម្រើ​ប្រយុទ្ធ​កណ្ដាល ​(Central Attacking Midfield)។

ខ្សែ​ប្រយុទ្ធ​ទី​២(Second Striker)

ជម្រើស​មួយ​ទៀត​គឺ Martial ឬ​ក៏​ Rasford នៅ​តែ​លេង​ក្នុង​ដំណែង​របស់​ខ្លួន​ក្នុង​ស្លាប​ឆ្វេង​ហើយ​ Sanchez អាច​ប្ដូរ​ទៅ​តំបន់​ពី​ក្រោយ​ប្រយុទ្ធ​លេខ​៩​ឈរ​ពី​ក្រោយ ​Romelu Lukaku។ កុំ​ច្រឡំ​ជាមួយ​នឹង​ទីតាំង​ដំណែង​លេខ​១០។ ​កិច្ចការ​នៃ​ខ្សែ​ប្រយុទ្ធ​លេខ​១០​គឺ​ ដំបូង​បង្កើត​ឱកាស​ ហើយ​កន្លែង​ណា​ក៏​ដោយ​ដែល ​Sanchez មាន​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់ ​Man Utd ដោយ​រត់​ពី​ក្រោយ ​Lukaku ដែល​កំពុង​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​គូរ​ប្រកួត។

ភាព​ជា​ដៃគូ​រវាង ​Lukaku/Sanchez នឹង​ទទួល​បាន​ផល​ផ្លែផ្កា​យ៉ាង​សម្បើម។ ​ពួក​គេ​ទាំង​ពីរ​បង្កើត​ឲ្យ​មាន​គុណភាព​ជា​ច្រើន ​ហើយ​ពួក​គេ​​ម្នាក់​មាឌ​តូច ម្នាក់​មាឌ​ធំ​ ចាប់​ដៃ​គ្នា​ក្នុង​តំបន់​ប្រយុទ្ធ​ពិត​ជា​កក្រើក​ Premier League មិន​ខាន។ ពួក​គេ​ទាំង​ពីរ​រក​បាន​គ្រាប់​បាល់​សរុប​៤៩​គ្រាប់​កាល​ពី​រដូវ​កាល​មុន។​ ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ​​ យើង​អាច​ឃើញ​ថា​ចំនួន​នៃ​ការ​រក​គ្រាប់​បាល់​របស់​អ្នក​ទាំង​ពីរ​នឹង​បាន​ច្រើន​នៅ​រដូវ​កាល​ក្រោយ។

ទម្រង់​ខ្សែ​ប្រយុទ្ធ​៣​នាក់​ Sanchez ដំណែង​លេខ​៩

Lukaku ចាប់​ផ្ដើម​ដំបូង​ល្អ​ខ្លាំង​ណាស់​ ពេល​មក​ដល់ ​Man Uyd ប៉ុន្តែ​រៀង​ខ្សត់​គ្រាប់​បាល់​បន្តិច​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ​។ ការ​រក​គ្រាប់​បាល់​បាន​ពេល​លេង​ជាមួយ ​Stoke City គឺ​ជា​គ្រាប់​បាល់​ទី​មួយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​មក​នេះ​។ខណៈ​ដែល​ការ​បរាជ័យ​នៃ​ត្រឡប់​មក​វិញ​របស់​ Zlatan ​ក៏​មាន​ផល​ប៉ះពាល់​ដែរ។​ ប៉ុន្តែ​បច្ចុប្បន្ន​តំណែង​របស់ ​Lukaku គ្មាន​នរណា​អាច​ប៉ះ​ពាល់​បាន។

តែ​អាច​នឹង​ផ្លាស់ប្ដូរ​ខ្លះ​ពេល ​Sanchez មក​ដល់ ​​ខណៈ​លោក ​Jose ព្យាយាម​ដាក់​កីឡាករ​ស៊ីលី​ក្នុង​តំណែង​ប្រយុទ្ធ​កណ្ដាល​ជាមួយ ​Martial និង Rashford លេង​ស្លាប​ទាំង​ពីរ។ វា​នឹង​មាន​ប្រសិទ្ធិភាព​ខ្លាំង​បើ​លេង​បែប​នេះ​ ខណៈ Man​ City និង​ Liverpool ក៏​លេង​ទម្រង់​បែប​នេះ​ដែរ​ក្នុង​រដូវ​កាល​នេះ។​ Martial និង​ Rashford សុទ្ធ​តែ​ចេញ​ពី​ដំណែង​ប្រយុទ្ធ​កណ្ដាល​នេះ​ទាំង​អស់​ហើយ​បើ ​Sanchez មក​ដល់​ពួក​គេ​អាច​ឆ្លាស់គ្នា​ទៅ​វិញ​ទៅ​មក​បាន។

Lukaku នៅ​តែ​ជា​តួ​សំខាន់​របស់​តំបន់​ប្រយុទ្ធ ​Man Utd តែ​ការ​មក​ដល់​របស់ ​Sanchez នឹង​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ពិបាក​នៅ​ជាមួយ​ក្រុម​ បើ​លោក​ Jose Mourinho មិន​ប្រើ​ជម្រើស​ផ្សេង​ទៀត​ទេ​នោះ។

ចុង​ក្រោយ៖ ទិញ​យក​មក​បម្រុង​ចោល

កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​ ឲ្យ​នៅ​កៅអី​បម្រុង​គឺ​ពិត​មិន​សម​នោះ​ទេ​។​ ប៉ុន្តែ Sanchez នឹង​បាត់​បង់​ភាព​រឹងមាំ​ក្នុង​ការ​ប្រកួត​បន្តិច ​បន្ទាប់​ពី​ខាន​លេង​ឲ្យ ​Arsenal ២​ប្រកួត​ចុង​ក្រោយ។​ បើ​តាម​ដឹង​រូប​គេ​អាច​នឹង​ លេង​ជា​កីឡាករ​បម្រុង​ក្នុង​២​ប្រកួត​ដំបូង​ឲ្យ​ United ។ តែ​វា​ជា​ផល​ប្រយោជន៍​សម្រាប់​កីឡាករ​បែប​បែប​នេះ​មែន។

ដោយ​ដឹង​ថា ​Sanchez ត្រៀម​ជា​ស្រេច​ ដើម្បី​យក​កន្លែង​របស់​ពួក​គេ​គ្រាប់​ពេល​វេលា​។​ ខ្សែ​ប្រយុទ្ធ​ទាំង​អស់​ក្នុង​ក្រុម​ ​ នឹង​ត្រូវ​បង្ខំ​ចិត្ត​កំណត់​ពេល​វេលា​លេង​របស់​ពួក​គេ។ លើស​ពី​នេះ​ទៅ​ទៀត! កីឡាករ​មាន​គុណភាព​ដូច​ជា​ Sanchez នឹង​ធ្វើ​ឲ្យ​កីឡាករ​ដទៃ​ទៀត​លេង​មិន​ខ្លាច​អស់​កម្លាំង​ ដើម្បី​ប្រយុទ្ធ​ប្រជែង​ជាមួយ ​Sanchez។ ​ការ​រក្សា​បាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​របស់​ Man Utd បី​ប្រកួត​ចុង​ក្រោយ​ វា​ពិត​ជា​គ្មាន​សម្ពាធ​អ្វី​នោះ​ឡើយ​សម្រាប់​លោក ​Jose Mourinho ខណៈ​ដែល​កីឡាករ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់។ គាត់​នឹង​មិន​នៅ​បម្រុង​យូរ​នោះ​ទេ​តែ​បើ ​Man Utd ធ្វើ​បែប​នេះ​មែន ពួក​គេ​នឹង​ក្លាយ​ជា​ក្លឹប​មាន​កីឡាករ​បម្រុង​ខ្លាំង​បំផុត​ក្នុង​ប្រទេស​អង់គ្លេស៕