ក្លឹប​យក្ស​មាន​ប្រភព​មក​ពី​តំបន់ ​Catalan បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ​​ពួក​គេ​បាន​បន្ត​កុង​ត្រា​ថ្មី​រយៈ​​​ពេល​៤​ឆ្នាំ​កន្លះ​ ដល់​​​ខ្សែ​ការពារ​ស្លាប​ Sergi Roberto ​ដែល​កិច្ច​ព្រមព្រៀង​នេះ​ នឹង​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ​ស្នាក់​នៅ​កីឡដ្ឋាន Camp Nou ដល់​ឆ្នាំ​២០២២។

កុង​ត្រា​នេះ​ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​តម្លៃ​ផ្ដាច់​កុង​ត្រា​ ដែល​មាន​រហូត​ទៅ​ដល់​៤០០​លាន​អឺរ៉ូ​ទៅ​៥០០​លាន​អឺរ៉ូ​ ដើម្បី​ទប់​ទល់​ជាមួយ​នឹង​ការ​ចង់​បាន​របស់​ក្លឹប​មួយ​ចំនួន។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ចូល​លេង​ឲ្យ Barcelona ដំបូង​កាល​ពី​ឆ្នាំ​២០១០​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Pep Guardiola ក្នុង​ជ័យជម្នះ​៥​ទល់​១​ជាមួយ ​Celta Vigo ក្នុង​ពាន​Copa del Rey។

ចាប់​តាំង​ពី​ពេល​នោះ​មក​ខ្សែ​បម្រើ​ការពារ​ស្លាប​រូប​នេះ​បាន​ចូល​លេង​ចំនួន​១៧៨​ដង​ ឲ្យ​ក្លឹប​រក​បាន​៧​គ្រាប់ ​​ពិសេស​គ្រាប់​បាល់​ចុង​ក្រោយ​ពេល​លេង​ទល់​នឹង​ PSG ក្នុង​ពាន ​Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​ដែល​រូប​គេ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្លឹប។

 

រូប​គេ​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន La liga ៤​ដង Champions League ២​ដង​ Copa del Rey ៤​ដង​ Spanish Super Cup ៤​ដង​ European Super Cup ២​ដង​និង​Club World Cup ២​ដង។ ក្នុង​រដូវ​កាល​នេះ​រូប​គេ​លេង​បាន​២៥​ប្រកួត​ក្រុម​ការ​ដឹកនាំ​របស់​លោក​ Ernesto Valverde រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​បាន​៧​ដង៕