ម្ចាស់ជ័យលាភី World Cup របស់ប្រេស៊ីល Ronaldinho បានចូលនិវត្តន៍ពីបាល់ទាត់ហើយ ក្រោយពីមិនមានក្លឹបលេងតាំងពីឆ្នាំ២០១៥មក។
Ronaldinho វ័យ៣៧ឆ្នាំ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីលឈ្នះ World Cup 2002 ធ្លាប់ឈ្នះពាន Champions League ២០០៦ជាមួយ Barcelona និងឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០០៥។ បងប្រុសរបស់គាត់ហើយក៏ជាភ្នាក់ងារផងដែរនោះបានបញ្ជាក់ ពីការព្យួរស្បែកជើងបាល់ទាត់កាលពីថ្ងៃអង្គារ ហើយនឹងមានការធ្វើពិធីកិត្តិយសមួយចំនួនផងដែរ។
និយាយក្នុង BBC ”គាត់បានឈប់ហើយ វាដល់ទីបញ្ចប់ហើយ”។
“ យើងនឹងធ្វើពិធីកិត្តិយសមួយនៅប្រេស៊ីល អឺរ៉ុបនិងអាស៊ី ពិតណាស់យើងកំពុងរៀបចំអ្វីមួយជាមួយក្រុមជម្រើសជាតិប្រេស៊ីលផងដែរ”។
Ronaldinho បានចាប់ផ្ដើមអាជីពដំបូងជាមួយក្លឹប Gremio ក្នុងប្រទេសប្រេស៊ីល មុនពេលផ្ទេរទៅលេងនៅ PSG ក្នុងឆ្នាំ ២០០១។បន្ទាប់ពីចំណាយពេល៥ឆ្នាំជាមួយ Barcelona នឹងឈ្នះពាន La liga ២ដងគាត់ក៏ផ្ទេរទៅលេងនៅ AC Milan ដែលជាកន្លែងគាត់ឈ្នះពាន Serie A ក្នុងរដូវកាល២០១០-២០១១។
ក្រោយមកគាត់ក៏ត្រឡប់ទៅប្រេស៊ីលវិញដោយលេងឲ្យក្លឹប Flamengo ក្នុងឆ្នាំ២០១១មុនពេលផ្ទេរទៅលេង នៅ Atletico Miniero, Queretaro របស់មិកស៊ិក និងចុងក្រោយក្លឹប Fluminese។