ប្រភពកាសែតបារាំង La 10 Sport បាននិយាយថា Manchester United កំពុងរៀបកញ្ចប់ទឹកប្រាក់ចំនួន៥០០លានអឺរ៉ូ(៤៤៣លានផោន)ដេញថ្លៃយក Neymar ពី Paris Saint-Germain ។
Neymar មានវ័យ២៥ឆ្នាំទើបតែផ្ទេរទៅលេងនៅ PSG ក្រោយចាកចេញពី Barcelona កាលពីរដូវកាលមុនក្នុងតម្លៃ១៩៨លានផោន(២២២លានអឺរ៉ូ)ដោយរូបគេរកបាន២០គ្រាប់ក្នុងចំណោម២២ប្រកួតដំបូងឲ្យក្លឹបយក្សបារាំង។
គេបានដឹងថា Real Madrid ពិចារណានឹងដាក់សំណើនាំ Neymar មកលេងនៅអេស្ប៉ាញវិញ ប៉ុន្តែក្លឹបយក្សមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនឹងត្រូវប្រជែងជាមួយ Man Utd ហើយ។ កាសែតខាងលើបាននិយាយថា Red Devils កំពុងរៀបចំកញ្ចប់ទឹកប្រាក់៥០០លានអឺរ៉ូ(៤៤៣លានផោន)ដេញថ្លៃយក Super Star របស់ប្រេស៊ីលរូបនេះមក Old Trafford។
តម្លៃថ្លៃបែបនេះនឹងធ្វើឲ្យកំណត់ត្រាផ្ទេររបស់ Neymar កាន់តែកើនឡើងហើយគេជឿថា ក្លឹបបាល់ទាត់ពិភពលោកដែលអាចធ្វើរឿងនេះបានមានតែ Manchester United និង Real Madrid ប៉ុណ្ណោះ។
Ed Woodward កំពុងពិចារណានាំយកតារាលំដាប់ពិភពលោករូបនេះមក United ពេលចប់រដូវកាល២០១៧/១៨នេះហើយ Antoine Griezmann ក៏ស្ថិតក្នុងរ៉ាដារបស់បិសាចក្រហមដែរ។ ខ្សែប្រយុទ្ធបារាំងស្ទើរតែបានមក Man Utd ទៅហើយកាលពីរដូវកាលមុន ប៉ុន្តែការជាប់ពិន័យមិនឲ្យទិញលក់កីឡាកររបស់ FIFA ធ្វើឲ្យរូបគេបន្តនៅ At. Madrid សិន។
គេថែបទាំងដឹងទៀតថា United បានត្រៀមប្រាក់ឈ្នួល៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍សម្រាប់ Griezmann ដើម្បីផ្ទេរមកលេងនៅ Old Tafford ឲ្យបានពេញលេញ៕