តារា​បាល់​ទាត់​​ Barcelona កីឡាករ​ Lionel Messi បាន​ក្លាយ​ជា​កីឡាករ​សំខាន់​បំផុត​ដែល​ជួយ​ឲ្យ​ក្លឹប​យក្ស​នៅ​ La liga មួយ​នេះ​ជោគជ័យ​។​ នេះ​បើ​តាម​សម្ដី​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Gerard Pigue។

Pigue ដែល​ទើប​តែ​បន្ត​កុង​ត្រា​ជាមួយ ​Barca ដល់​ឆ្នាំ​២០២២​បាន​និយាយ​ថា​សរសើរ​ដល់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ។ Messi ឈ្នះ​ពាន​ទាំង​តូច ទាំង​ធំ ​ទាំង​ល្មម ទាំង​ល្បី​ និង​មិន​ល្បី​ចំនួន​២៩​គ្រឿង ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់ ១៤​រដូវ​កាល​​ ហើយ​រដូវ​កាល​នេះ​អាច​នឹង​បន្ថែម​ La liga​មួយ​ទៀត​​ ហើយ ​Pigue ដែល​មាន​វ័យ​៣០​ឆ្នាំ​ ពិត​ជា​មាន​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុម​ និង​ Messi។

“ កូនសោ​សំខាន់​របស់​Barcelona ក្នុង​ជំនាន់​នេះ​គឺ​Leo។​យើង​គ្រាន់​តែ​តាម​ពី​ក្រោយ​គាត់​ប៉ុណ្ណោះ។ យើង​ព្យាយាម​ជួយ​គាត់​ពី​ព្រោះ​គាត់​ត្រូវ​ការ​ក្រុម​មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ​ពាន” Pigue និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិលមិញ។

ក្រោយ​ឈរ​កំពូល​តារាង​ក្រប​ខណ្ឌ​ La liga, Barcelona នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ប្រជៀវ​ខ្មៅ​ Valencia ក្នុង​ពាន​ Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​៕