លោក Jose Mourinho បាន​បង្ហាញ​ភាព​ស្និត​ស្នាល ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​នេះ ​ទោះ​បី​ជា​មាន​ការងារ​មមាញឹក​ក្ដី​​ ដោយ​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​អ្នក​គាំទ្រ​វ័យ​៩៥​ឆ្នាំ ​ម្នាក់​ដែល​កំពុង​ឈឺ​ឲ្យ​ត្រេក​អរ​ខ្លាំង។

​ក្រុម​បិសាច​ក្រហម​ទើប​តែ​​ទទួល​បាន​លទ្ធផល​ល្អ​ក្រោយ​ឈ្នះ​  Yeovil Town ក្នុង​ពាន ​FA Cup ខណៈ​ដែល​ពាន​ Premier League ទល់​នឹង ​Tottenham ជា​សម្ពាធ​មួយ​ត្រូវ​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ ​ព្រោះ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ​ហើយ​ក្នុង​កីឡដ្ឋាន​ Wembley។

រវល់​យ៉ាង​ណា​ក្ដី​!​ លោក​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​លោក​តា Fredrik Schofield។ អាច​និយាយ​បាន​ថា​ជា​អ្នក​គាំទ្រ​ Man Utd វ័យ​ចាស់​ជាង​គេ​ដែល​នៅ​រស់​ប៉ុន្តែ​លោក​តា​ទទួល​រង​នៅ​ជម្ងឺ​ដាច់​សរសៃ​ខួរក្បាល​ហើយ​ពេល​នេះ​លោក​តា​គ្រាន់​បើ​ឡើង​វិញ​ហើយ។

យ៉ាង​ណា​ក្ដី​! លោក ​Jose បាន​សរសេរ​សំបុត្រ​អរគុណ​នូវ​ការ​គាំទ្រ​ក្លឹប ​និង​គាត់​នា​ពេល​កន្លង​មក​ហើយ​ថែម​ទាំង​បាន​ជូន​ពរ​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ទៀត​ផង ​ហើយ​ពេល​ទទួល​បាន​លោក​តា បាន​បង្ហាញ​អារម្មណ៍​រីករាយ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង៕