ប្រភព​កាសែត​អង់គ្លេស ​Metro បាន​បញ្ជាក់​ថា ​Manchester United នឹង​ផ្ដល់​អាវ​លេខ​៧​ឲ្យ ​Alexis Sanchez ប្រសិន​បើ​រូប​គេ​ផ្ទេរ​មក​លេង​នៅ ​Old Trafford រួច​រាល់​ជា​ផ្លូវ​ការ​ហើយ​នោះ។

ក្រុម​របស់​លោក Jose Mourinho កំពុង​នាំ​មុខ​គេ​ក្នុង​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​វ័យ​២៩​ឆ្នាំ​ដោយ​ហ៊ាន​ឲ្យ​ផលចំណេញ​ច្រើន​ជាង ​Man City ហើយ​ក៏​ខិត​ជិត​ក្នុង​ការ​ចំណាយ​លុយ​៣៥​លាន​ផោន​ដែល​ Arsenal បាន​ដាក់​តម្លៃ​ដល់​កីឡាករ។

ក្លឹប​បិសាច​ក្រហម​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ស្នើ​ឲ្យ​ Sanchez​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​ Premier League ទោះ​បី​ជា​ទិញ​ពី ​Arsenal ត្រឹម​តែ​លើស​៣០​លាន​ផោន​ប៉ុណ្ណោះ​ក៏​ដោយ។

Man City បាន​បោះបង់​ឱកាស​យក​ខ្សែ​ប្រយុទ្ធ​ឈីលី​រូប​នេះ​​ដោយ​មាន​ព័ត៌មាន​មួយ​ចំនួន​ថា​បាន​ព្រម​ទទួល​ចុះ​ចាញ់​ក្នុង​ការ​ដេញ​ថ្លៃ​យក ​Sanchez។ ដូច្នេះ​មាន​ន័យ​ថា​មាន​តែ​បិសាច​ក្រហម​មួយ​គត់ ​ដែល​នៅ​ជាប់ទាក់ទង​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona រូប​នេះ៕