ខ្សែបម្រើ Dimitri Payet អាចមិនមានឈ្មោះក្នុងការទៅលេងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយសាររបួសអំឡុងការប្រកួតផ្ដាច់ព្រ័ត្រ Europa League ដែល Marseille ចាញ់ Atletico Madrid។
កីឡាករជម្រើសជាតិបារាំងវ័យ៣១ឆ្នាំរូបនេះបានចាប់ផ្ដើមការប្រកួត ទោះបីមានបញ្ហាភ្លៅមុនកែបាល់ក្ដី។ ប៉ុន្តែរូបគេលេងបានតែ៣២នាទីក៏ត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹកភ្នែក និងជំនួសដោយ Maxime Lopez។
អតីតសមាជិក West Ham ខាងលើជាតួអង្គសំខាន់ដែលជួយបារាំងឡើងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ប៉ុន្តែខានលេងឱ្យជម្រើសជាតិតាំងពីខែតុលាឆ្នាំ២០១៧មកម្ល៉េះ។ យ៉ាងណាក្ដី រូបគេបានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យទាក់ទាញឡើងវិញជាមួយ Marseille ដើម្បីអន្ទងចិត្តគ្រូបារាំងជាថ្មី តែរបួសប្រហែលបញ្ចប់ក្ដីសង្ឃឹមរបស់គេហើយ។
លោក Didier Deschamps ត្រៀមប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិបារាំងសម្រាប់ World Cup 2018 នៅថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភានេះ៕