ពានរង្វាន់​​បាល់ទាត់​កម្រិត​ពិភពលោក Confederations Cup ដែល​ជា​ពានរង្វាន់​កម្តៅ​សាច់ដុំ​មុន​ការ​ប្រកួត​ជើង​ឯក​ពិភពលោក 2018 FIFA World Cup Russia នឹង​រក​ឃើញ​២ក្រុម​ចុងក្រោយ​​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​យប់​​ថ្ងៃ​​អាទិត្យ នេះ ខណៈ​ក្រុម​ជម្រើស​ជាតិ​ឈីលី និង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ទំនង​មាន​ប្រៀប​ជាង​គេ​ក្នុង​ពូល B។

ម្សិលមិញ​ក្រុម​២ដែល​ឡើង​ទៅ​អង្គុយចាំ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​មាន​ព័រទុយហ្គាល ដែល​តំណាង​មក​ពី​ទ្វីប​អឺរ៉ុប និង​ក្រុម​ម៉ិចស៊ីកូ តំណាង​អោយ​ទ្វីប​អាមេរិកខាងជើង។ ពានរង្វាន់​ដែល​ត្រៀម​ប្រាក់​រង្វាន់​៥លាន​ដុល្លារ​អាមេរិក​សម្រាប់​​ក្រុម​ជើង​ឯក​មួយ​នេះ​ នឹង​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​នៅ​យប់​នេះ​ដោយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​ជា​ជើង​ឯក​ពានរង្វាន់ 2014 FIFA World Cup Brazil ត្រូវ​ប៉ះ​ក្រុម​កាម៉េរ៉ូន ដែល​ជា​ជើង​ឯក​ពានរង្វាន់​ទ្វីប​អាហ្វ្រិក វេលា​ម៉ោង​១០​យប់​នេះ លើ​ទីលាន​កីឡដ្ឋាន Fisht Olympic Stadium ក្នុង​ទីក្រុង Sochi ក្រោម​ការ​កាត់​សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Wilmar Roldan ជនជាតិ​កូឡុំប៊ី។

ចំណែក​១គូ​ទៀត​គឺ​ក្រុម​ឈីលី ជា​ជើង​ខ្លាំង​មក​ពី​ទ្វីប​អាមេរិកខាងត្បូង ត្រូវ​ជួប​ក្រុម​ជម្រើស​អូស្រ្តាលី ដែល​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អាស៊ី នៅ​វេលា​ម៉ោង​១០​យប់​តំណាល​គ្នា​នេហ​ដែរ​លើ​ទីលាន​កីឡដ្ឋាន Otkrytiye Arena ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោម​ការ​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល Gianluca Rocchi ជនជាតិ​អ៊ីតាលី។


ព្យាករណ៍​របស់​វិបសាយ​អាណាចក្រកីឡាគឺ៖
-អាល្លឺម៉ង់ ២-០ កាម៉េរ៉ូន
-ឈីលី ៣-១ អូស្រ្តាលី