​ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​វេល​ Gareth Bale បានបង្ហើបថា ខ្លួនចង់​ត្រឡប់​ទៅ​លេង​នៅ Premier League ​វិញ ពោល​គឺ​ចង់​ទៅ​លេង​ Manchester United ដោយបដិសេធ Bayern Munich ប្រសិន​បើ​ Real Madrid ចង់​លក់​រូប​គេ​ចេញពិតមែន។

​ក្ដី​សង្ឃឹម​​របស់ Jose Mourinho ​អ្នក​ចាត់​ការ​​បិសាច​ក្រហម​ ក្នុង​ការ​ចរចា​​យក Bale លើ​តម្លៃ ១០០​លាន​ផោន​នោះ​​ គឺ​ពឹង​ផ្អែក​លើ​ការ​សម្រេច​​របស់​​អ្នក​ចាត់​ការ​ថ្មី​​ Real តែ​ប៉ុណ្ណោះ​។ ​ក្លឹប​ Real កំពុង​ស្វែង​រក​អ្នក​ចាត់​ការ​​​​មក​ស្នង​ដំណែង​របស់​ Zinedine Zidane ហើយ​ក៏​ជា​អ្នក​កំណត់​អនាគតរបស់ Bale ក្នុង​ការ​​បន្ត​​នៅ​ទឹក​ដី Bernabeu ឬ​យ៉ាង​ណា​។

ថ្មីៗនេះ Bale បានបង្ហើបពីភាពមិនសប្បាយចិត្តនឹងស្ថានភាពជាកីឡាករបម្រុងនៅ Real Madrid បន្ទាប់ពីប្ដូរចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League រួចស៊ុត២គ្រាប់ឱ្យ Real ផ្ដួល Liverpool ៣-១ កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨។

គួរដឹងដែរថាមកទល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ Man Utd ទិញបានកីឡាករ២នាក់ហើយគឺខ្សែបម្រើប្រេស៊ីល Fred ពីក្លិប Shakhtar Donetsk តម្លៃ៤៧លានផោន និងខ្សែការពារស្លាបវ័យ១៩ឆ្នាំ Diogo Dalot ពី Porto តម្លៃ១៩លានផោន៕