ខ្សែប្រយុទ្ធ Lionel Messi ស៊ុត១គ្រាប់ឲ្យអាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា២ទល់នឹង១ហើយអាចឆ្លងទៅកាន់វគ្គ១៦ក្រុមបាន ខណៈក្រូអាតបន្តឈ្នះអៃស្លេន៍២-១ដូចគ្នានៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងពូល D។

ប្រធានក្រុមវ័យ៣១ឆ្នាំបានស៊ុតបើកឆាកឲ្យក្រុមជើងឯក២សម័យតាំងពីវគ្គទី១នៅនាទីទី១៤ ខណៈខ្សែការពារ Victor Moses អាចរកគ្រាប់បាល់តាមស្មើមកវិញឲ្យក្រុមរហស្សនាមឥន្រ្ទីបៃតងនៅនាទីទី៥១ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។

លុះចូលមកដល់នាទីទី៨៦ទើបខ្សែការពារ Marcos Rojo ស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទៅលើក្រុមជម្រើសជាតិនីហ្សេរីយ៉ាតែម្តង។

ដោយឡែកក្រូអាតនៅតែបន្តរកបានជ័យជម្នះរបស់ខ្លួនបន្ទាប់ពីយកឈ្នះអៃស្លេន៍២ទល់នឹង១នាកីឡដ្ឋាន Rostov Arena ដោយកីឡាករ Milan Badelj រកបានគ្រាប់ទី១ឲ្យក្រុមកំពូលតារាងនៅនាទីទី៥៣ មុនពេលដែលខ្សែបម្រើ Gylfi Sigurdsson ស៊ុតតាមស្មើមកវិញឲ្យអៃស្លេន៍ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ដោយខ្សែបម្រើ Ivan Perisic ស៊ុតគ្រាប់ចុងក្រោយឲ្យក្រូអាតបន្តឈ្នះ៣ប្រកួតជាប់ៗគ្នាតែម្តង។

ដូចនេះ អាហ្សង់ទីនត្រូវឡើងទៅជួបជាមួយបារាំងនៅជុំបន្ទាប់ ខណៈក្រូអាតត្រូវប៉ះជាមួយដាណាម៉ាក។

ទស្សនាវីដេអូហាយឡាយ៖