ក្លិបហង្សក្រហម Liverpool បានបញ្ជាក់នៅថ្ងៃចន្ទថាពួកគេបានឈានដល់កិច្ចព្រមព្រៀងទិញខ្សែបម្រើការពារប្រេស៊ីល Fabinho ពី AS Monaco ក្នុងតម្លៃខ្លួន៤០លានផោន។
ខ្សែបម្រើអន្តរជាតិប្រេស៊ីលនឹងចូលរួមជាមួយក្រុមរងជើងឯក Champions League ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ។ ការមកដល់របស់ Fabinho គឺជាសញ្ញាមួយនៃការចាកចេញរបស់កីឡាករយូរឆ្នាំ Emre Can។
កីឡាករវ័យ២៤ឆ្នាំអាចលេងជាខ្សែការពារស្ដាំក៏បាន និងជាខ្សែបម្រើការពារក៏បាន។ កម្លាំងសំខាន់រូបនេះបង្ហាញទម្រង់លេងយ៉ាងល្អនៅ Monaco ដោយស៊ុតបញ្ចូលទីបាន២២គ្រាប់ចាប់តាំងពីឆ្នាំ២០០៥មក។
Fabinho បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបណាស់ចំពោះការផ្ទេរនេះ។ នេះជាអ្វីមួយដែលខ្ញុំតែងតែចង់បាន។ នេះជាក្រុមយក្សមួយ។ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិបនេះមើលទៅគឺអស្ចារ្យណាស់។ ក្លិបបាល់ទាត់ធំបែបនេះទាក់ទងខ្ញុំ ខ្ញុំគ្មានអ្វីត្រូវគិតច្រើនឡើយ។ ខ្ញុំនឹងព្យាយាមបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួននៅក្លិបនេះ ហើយសង្ឃឹមថាខ្ញុំអាចឈ្នះពានរង្វាន់ជាមួយក្លិបនេះ” ។
Fabinho ជាអតីតយុវជនក្លិប Rio Ave និងធ្លាប់លេងឱ្យ Real Madrid ក្រោមកិច្ចសន្យាខ្ចីអំឡុងឆ្នាំ២០១៣ មុនមកចូលរួម Monaco ហើយចូលលេងបាន២២៥ដងនិងរកបាន២៩គ្រាប់ក្នុងពេល៥រដូវកាលនៅបារាំង។