ទីបំផុត Atletico Madrid ទិញបានជាផ្លូវការខ្សែបម្រើវ័យ២១ឆ្នាំ Rodri ពីក្លិប Villarreal នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាខ្ទង់២០លានអឺរ៉ូ។

ខ្សែបម្រើកម្ពស់១.៩០ម៉ែត្ររូបនេះបានផ្ដើមហាត់បាល់នៅថ្នាល Atletico ពីឆ្នាំ២០០៧ដល់២០១៣ មុនទៅចូលរួមក្លិបរហស្សនាមនាវាមុជទឹកពណ៌លឿង។ Rodri ចាប់ផ្ដើមអាជីពក្រុមធំក្នុងរដូវកាល២០១៥-១៦ និងចូលលេងប្រកួតផ្លូវការ៣១លើកក្នុងរដូវកាលបន្ទាប់ហើយស៊ុតចូល១គ្រាប់។ ក្នុងរដូវកាល២០១៧-១៨ គេបានបង្ហាញខ្លួន៤៧ដង ស៊ុតចូល១គ្រាប់ និងបញ្ជូន៤គ្រាប់។

ដោយឡែក នៅក្រុមជម្រើសជាតិអេស្ប៉ាញវិញ កីឡាករកើតឆ្នាំ១៩៩៦ខាងលើ បានឈ្នះជើងឯក Euro U19 ឆ្នាំ២០១៥ និងជាជម្រើស១១នាក់ដំបូងទៀងទាត់ក្នុងក្រុម U21។ កាលពីខែមីនាឆ្នាំ២០១៨ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិក្រុមធំ និងបានចូលលេងក្នុងជំនួបមិត្តភាពទល់នឹង អាល្លឺម៉ង់។